ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តធ្វើឲ្យមានការចាប់អារម្មណ៍ជាថ្មីម្តងទៀត នៅពេលដែលលោកបានស្នើឲ្យមានការផ្លាស់ប្តូរឈ្មោះរដ្ឋ New Mexico ទៅជា New America វិញ ដែលជាសំណើមួយត្រូវបានអភិបាលរដ្ឋនោះបដិសេធភ្លាមៗ។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social របស់ខ្លួន កាលពីថ្ងៃទី៦ ខែកញ្ញាថា ៖”មនុស្សជាច្រើនបានស្នើឱ្យមានផ្លាស់ប្តូរឈ្មោះរដ្ឋ New Mexico ទៅជា New America។ ឈ្មោះថ្មីនេះមានកិត្យានុភាព និងស្រស់ស្អាតជាងសម្រាប់ប្រជាជននៃរដ្ឋដ៏សម្បូរបែបនេះ។ ខ្ញុំពិតជាចូលចិត្តឈ្មោះនេះណាស់”។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកស្រី Michelle Lujan Grisham អភិបាលរដ្ឋ New Mexico ដែលជាសមាជិកបក្សប្រជាធិបតេយ្យ បាននិយាយថា ឈ្មោះនេះមិនមែនជាបញ្ហាដែលត្រូវជជែកវែកញែកនោះទេ។ វាជាឈ្មោះរដ្ឋតាំងពីមុនពេលអាមេរិកកើតឡើងមកទៅទៀត។
គួរឲ្យដឹងថា ប្រធានាធិបតីអាមេរិក មានសិទ្ធិអំណាចក្នុងការប្តូរឈ្មោះលក្ខណៈពិសេសភូមិសាស្ត្រដូចជាឈូងសមុទ្រ ទន្លេ និងសមុទ្រ នៅក្នុងប្រព័ន្ធព័ត៌មានឈ្មោះភូមិសាស្ត្រ ប៉ុន្តែរដ្ឋធម្មនុញ្ញបានចែងថាប្រធានាធិបតីមិនមានសិទ្ធិអំណាចក្នុងការប្តូរឈ្មោះរដ្ឋនោះទេ។ ដំណើរការនេះត្រូវតែធ្វើឡើងតាមរយៈប្រជាមតិនៅក្នុងរដ្ឋនីមួយៗ។
ជម្រាបជូនថា ការបង្ហោះរបស់លោក ត្រាំ អំពីការប្តូរឈ្មោះរដ្ឋ New Mexico នេះ បានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសេតវិមានបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយប្តូរឈ្មោះបឹង Ontario ទៅជា “American Lake” ចំពេលមានសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយប្រទេសជិតខាងកាណាដា៕

