កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ សាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ សហការជាមួយការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពី «ការគ្រប់គ្រងរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា»។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ លោក ទី ហ្សានិត រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ រួមជាមួយ លោកស្រី លី សេជីន (Lee Sejin) អនុប្រធានការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពីប្រធាននាយកដ្ឋាន និងមន្ត្រីទទួលបន្ទុកធនធានមនុស្សមកពីបណ្តាក្រសួងពាក់ព័ន្ធ ព្រមទាំងអ្នកជំនាញការកូរ៉េ។
សិក្ខាសាលានេះ គឺជាផ្នែកមួយនៃការអនុវត្តគម្រោងរយៈពេល ៥ឆ្នាំ (២០២៥–២០២៩) ស្តីពី «ការលើកកម្ពស់សមត្ថភាពសាលាភូមិន្ទរដ្ឋបាល សម្រាប់ការកែទម្រង់អភិបាលកិច្ច និងការពង្រឹងសមត្ថភាពនៅកម្ពុជា» ក្នុងគោលបំណងពិនិត្យស្ថានភាពបច្ចុប្បន្ន និងប្រមូលមតិយោបល់ជាក់ស្តែង ដើម្បីតម្រង់ទិសដៅកំណែទម្រង់មុខងារសាធារណៈ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា។

នៅក្នុងកម្មវិធីនេះ ត្រូវបានបែងចែកជាពីរផ្នែក៖ វគ្គទី១៖ អ្នកជំនាញការកូរ៉េ បានចែករំលែកលទ្ធផលសិក្សាស្រាវជ្រាវដំបូងគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ ដែលផ្តោតលើ៖ ផែនការមេយុទ្ធសាស្ត្រធនធានមនុស្ស, ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធជ្រើសរើស និងតែងតាំងមន្ត្រីផ្អែកលើបទពិសោធន៍អន្តរជាតិ, ការកែទម្រង់កម្មវិធីសិក្សានិងគុណភាពបណ្តុះបណ្តាល ព្រមទាំងការរៀបចំកម្មវិធីបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា (ICT) និងប្រព័ន្ធសិក្សាតាមអនឡាញ និងវគ្គទី២៖ ភាគីពាក់ព័ន្ធ បានចូលរួមពិភាក្សាយ៉ាងសកម្មជាក្រុមតូចៗ ដើម្បីផ្តល់ធាតុចូលជាក់ស្តែងសម្រាប់តម្រង់ទិសដៅគម្រោង។
ជាផែនការបន្ទាប់ សិក្ខាសាលានេះ នឹងត្រូវរៀបចំធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីបន្តប្រមូលមតិយោបល់ពីមន្ត្រីទទួលបន្ទុកធនធានមនុស្ស នៅតាមបណ្តារដ្ឋបាលរាជធានី ខេត្តទាំង២៥ និងមន្ទីរមុខងារសាធារណៈ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។




