អាជីវករលក់ដូរម្ហូបអាហារ និងភេសជ្ជៈទទួលបានផលប្រយោជន៍ច្រើនក្នុងថ្ងៃឆ្លងឆ្នាំសកលនៅខេត្តសៀមរាប

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងឱកាសឆ្លងឆ្នាំសកលឆ្នាំ២០២៣-២០២៤ កន្លងមកនេះ គេសង្កេតឃើញក្រុមអ្នកប្រកបមុខរបរលក់ដូរម្ហូបអាហារនិងភេសជ្ជៈនៅក្នុងខេត្តសៀមរាបគឺទទួលបានអត្ថប្រយោជន៍ច្រើន ស្របពេលដែលភ្ញៀវជាតិនិងអន្តរជាតិសម្រុកទៅដើរកម្សាន្តមានចំនួនច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

លោក ធឿន វុឌ្ឍី អ្នកប្រកបមុខរបរផ្តល់សេវាណែនាំភ្ញៀវទេសចរណ៍ប្រចាំខេត្តសៀមរាប បានឱ្យដឹងថា ក្នុងឱកាសឆ្លងឆ្នាំសកល២០២០-២០២៤ ខេត្តសៀមរាបទទួលបានភ្ញៀវជាតិនិងអន្តរជាតិទៅចូលរួមកម្សាន្តមានចំនួនច្រើនកុះករ សូម្បីតែការធ្វើដំណើរនៅតាមដងផ្លូវជាតិបើកបរដល់៤គន្លង ខណៈដែលពីមុនធ្វើដំណើរតែ២គន្លង។

បើតាមលោក ធឿន វុឌ្ឍី ឆ្នាំនេះ ខេត្តសៀមរាបទទួលបានលទ្ធផលល្អប្រសើរក្នុងការទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ ធ្វើឱ្យគ្រប់សណ្ឋាគារនិងផ្ទះសំណាក់ទទួលបានភ្ញៀវស្នាក់នៅពេញ ហើយនៅតាមអាហារដ្ឋានតូច និងធំទទួលបានភ្ញៀវចូលទៅទទួលទានអាហារច្រើនកុះករផងដែរ។

រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

លោកលើកឡើងថា ខេត្តសៀមរាបទទួលបានភ្ញៀវជាតិច្រើននៅឆ្នាំនេះ បើតាមការកត់សម្គាល់របស់ខ្ញុំ អាចមកពីរដ្ឋបាលខេត្តសៀមរាបក៏ដូចជាអ្នកពាក់ព័ន្ធដែលបានរៀបចំខេត្តបានល្អ ,រាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តបានធ្វើការផ្សព្វផ្សាយបានល្អដល់ប្រជាពលរដ្ឋនៅគ្រប់កន្លែង។ក្រៅពីនេះនៅសមិទ្ធិផលមួយចំនួនទៀតចូលរួមទាក់ទាញដូចជាព្រលានយន្តហោះថ្មី និងកន្លែងកម្សាន្តបែបកែច្នៃផ្សេងទៀតដែលបានបង្កើតនៅក្នុងខេត្តសៀមរាប។ដោយឡែកភ្ញៀវបរទេស បានដាក់ថ្ងៃឆ្លងឆ្នាំនៅខេត្តសៀមរាប ស្របជាមួយនិងក្រោកមើលថ្ងៃរះនៅក្រុងអង្គរផងដែរ។

នៅក្នុងកំឡុងពេលខេត្តសៀមរាបទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនាមានចំនួនច្រើន លោក ធឿន វុឌ្ឍី បានធ្វើការប៉ាន់ប្រមាណថា «ក្រុមអាជីវកម្មដែលទទួលបានអត្ថប្រយោជន៍ច្រើននៅក្នុងថ្ងៃឆ្លងឆ្នាំសកល២០២៣-២០២៤ បានទៅលើអ្នកប្រកបមុខរបរលើមុខម្ហូបអាហារ និងភេសជ្ជៈ ដែលមនុស្សភាគច្រើនត្រូវការចំាបាច់ក្នុងកំឡុងពេលស្នាក់និងដើរកម្សាន្ត។អីចឹងខ្ញុំមើលឃើញមានអ្នកលក់លក់ដូរច្រើន ប៉ុន្តែពុំសូវឃើញមានអ្នកលក់មាននៅសល់នោះទេ។សម្រាប់អ្នកប្រកបមុខរបរផ្ទះសំណាក់ សណ្ឋាគារក៏គាត់ទទួលបានច្រើន តែបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ក្រោយមកនិងមានសភាពស្ងប់ស្ងាត់ធម្មតាវិញ»។

រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

បើយោងតាមរដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា ភ្ញៀវទេសចរប្រមាណ ៣០៤ ០៦៤នាក់ រីករាយបុណ្យឆ្លងឆ្នាំសកលនៅខេត្តសៀមរាប ក្រោមការសម្របសម្រួលរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលដែលដឹកនាំ និងបញ្ជាផ្ទាល់ពីលោក ប្រាក់ សោភ័ណ អភិបាល អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានធ្វើឱ្យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការរៀបចំចរាចរណ៍សម្រាប់កម្មវិធីឆ្លងឆ្នាំសកលបានប្រព្រឹត្តទៅដោយរលូន និងពុំមានបាតុភាពអ្វីកើតឡើងគួរឱ្យកក់សម្គាល់។

រដ្ឋបាលខេត្តបានរៀបចំតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកល២០២៣-២០២៤ និង បង្កភាពសប្បាយជូនដល់ភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកម្សាន្តទៀតផង។នារាត្រីឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៤នេះ ខេត្តសៀមរាប មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបដើរកម្សាន្តក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ៣០៤ ០៦៤នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ២៩៥ ០០០ នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៩ ០៦៤ នាក់៕ តាកែវ