ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក Microsoft កាលពីពេលថ្មីៗនេះ បានប្រកាសថា នឹងឈប់ប្រើប្រាស់ក្រុមវិស្វករដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន សម្រាប់ការងារគ្រប់គ្រងព័ត៌មានរបស់រដ្ឋាភិបាល ក្រសួងការពារជាតិសហរដ្ឋអាមេរិក និសេវាកម្មពាក់ព័ន្ធទៀតនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមលោក Frank Shaw ដែលជាប្រធានផ្នែកទំនាក់ទំនងរបស់ Microsoft បាននិយាយថា ជុំវិញការផ្លាស់ប្តូរនេះ ត្រូវបានធ្វើឡើង ដើម្បីជាការឆ្លើយតបទៅនឹង ការព្រួយបារម្ភដែលត្រូវបានលើកឡើងដោយរដ្ឋមន្ត្រីការពារអាមេរិក លោក Pete Hegseth អំពីហានិភ័យសន្តិសុខជាតិ ដែលអាចបង្កឡើងដោយវិស្វករបរទេស នៅក្នុងក្រុមហ៊ុនរបស់អាមេរិក។
មិនតែប៉ុណ្ណោះ លោក Shaw បាននិយាយនៅលើបណ្តាញសង្គម X ថា៖ “យើងនៅតែបន្តប្តេជ្ញាចិត្ត ក្នុងការផ្តល់ជូននូវសេវាកម្មសុវត្ថិភាពបំផុតដែលអាចធ្វើទៅបាន ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក រួមទាំងការធ្វើការជាមួយដៃគូសន្តិសុខជាតិរបស់យើង ដើម្បីវាយតម្លៃ និងកែសម្រួលកម្មវីធីសុវត្ថិភាពរបស់យើង តាមតម្រូវការ”។
គួរឲ្យដឹងថា ជុំវិញការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានចេញបញ្ជាកាលពីថ្ងៃទី១៨ ខែកក្កដា ឲ្យក្រុមហ៊ុន Microsoft បញ្ឈប់ការជួលបុគ្គលិករបស់ខ្លួន នៅប្រទេសចិន ឲ្យទទួលបន្ទុកលើការងារផ្តល់ជំនួយបច្ចេកទេស លើប្រព័ន្ធគ្រប់គ្រងព័ត៌មានពីចម្ងាយរបស់ក្រសួងការពារជាតិអាមេរិក។
ជម្រាបជូនផងដែរថា បញ្ជានេះត្រូវបានធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ពីទីភ្នាក់ងារអាមេរិក ProPublica ដែលបានបង្ហាញថា ក្រុមហ៊ុន Microsoft បានជួលក្រុមវិស្វករចិន ឲ្យធ្វើការងារបច្ចេកទេសលើប្រព័ន្ធគ្រប់គ្រងព័ត៌មានរបស់ក្រសួងការពារជាតិអាមេរិក ដែលអាចងាយនឹងបង្កការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក៕

