យោងតាមលោក Doug Burgum រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហរដ្ឋអាមេរិក បាននិយាយថា ប្រទេសនៅក្នុងតំបន់អាស៊ី ចង់ទិញថាមពលរបស់សហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើការនាំចេញប្រេង និងឧស្ម័នពីមជ្ឈិមបូព៌ា។

លោក Burgum បាននិយាយនៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន CNBC នៅថ្ងៃទី២៣ ខែមីនាថា ៖”ពួកគេចង់បង្កើនការទិញថាមពលរបស់ពួកគេពីសហរដ្ឋអាមេរិក”។ លោកបានអះអាងទៀតថា ផែនការថាមពលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ត្រូវបានរចនាឡើង ដើម្បីផ្តល់ឲ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នូវប្រភពថាមពលជំនួសដែលមានស្ថេរភាព។
គួរឲ្យដឹងថា សហរដ្ឋអាមេរិកបច្ចុប្បន្នគឺជាអ្នកផលិតប្រេង និងឧស្ម័នធំជាងគេបំផុតរបស់ពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ២០២៥ ការនាំចេញប្រេងឆៅរបស់ខ្លួនត្រូវបានគេព្យាករថានឹងឈានដល់កម្រិតត្រឹមតែ ៤ លានបារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលនេះតំណាងឲ្យការថយចុះ ៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។
យ៉ាងណាមិញ ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានបណ្តាលឲ្យមានការរំខានដល់ការផ្គត់ផ្គង់ប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ ប្រទេសមានសេដ្ឋកិច្ចធំៗដូចជា ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ គឺពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញប្រេង និងឧស្ម័នតាមរយៈច្រកសមុទ្រ Hormuz។ ហើយឥឡូវនេះ ពួកគេកំពុងស្វែងជម្រើសផ្សេងទៀត ដោយងាកទៅរកសហរដ្ឋអាមេរិក៕

