ក្រុមហ៊ុន Trump Media and Technology Group ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គម Truth Social ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា បានចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារ ប្រមូលទិញយកទ្រព្យសម្បត្តិឌីជីថល ដើម្បីអនុវត្តលើយុទ្ធសាស្រ្តបម្រុងទុកកាក់ Bitcoin របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុន Trump Media and Technology Group បានប្រកាសកាលពីថ្ងៃទី២១ ខែកក្កដាថា ខ្លួនបានចំណាយទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារ ដើម្បីទិញយកកាក់ Bitcoin និងមូលបត្រផ្សេងទៀតដែលពាក់ព័ន្ធទៅនឹង Bitcoin ផងដែរ។
គួរឲ្យដឹងថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក ត្រាំ បច្ចុប្បន្នកំពុងដំណើរការបណ្តាសង្គម Truth Social វេទិកាស្រ្ទីម Truth+ និងគ្រប់គ្រងលើការឌីជីថល Truth.Fi ផងដែរ។
ក្រុមហ៊ុន Trump Media គ្រោងនឹងបន្តទិញកាក់ Bitcion និងទ្រព្យសម្បត្តិដែលពាក់ពន្ធបន្ថែមទៀត ហើយប្តូរជម្រើសទៅជា Bitcion ដោយអាស្រ័យទៅលើលក្ខណ្ឌទីផ្សារ។ ទ្រព្យសម្បត្តិទាំងនេះ ត្រូវបានគេរំពឹងថា នឹងប្រើដើម្បីជួយក្រុមហ៊ុន បង្កើតប្រាក់ចំណូល និងទិញចូលរូបិយប័ណ្ណគ្រីបតូបន្ថែម។
ជម្រាបជូនថា ប្រធានាធិបតីអាមេរិក លោក ត្រាំ កាន់កាប់ភាគហ៊ុនធំជាងគេនៅក្នុង Trump Media ។ តែទោះជាយ៉ាងណាក៏ដោយនៅក្នុងខែធ្នូ ឆ្នាំ២០២៤ លោកបានប្រកាសថាលោកនឹងផ្ទេរភាគហ៊ុន និងការគ្រប់គ្រងរបស់ខ្លួនទាំងអស់ នៅក្នុង Trump Media ទៅឲ្យកូនប្រុស Donald Trump Jr. ជំនួសវិញ ដើម្បីជៀសវាងជម្លោះផលប្រយោជន៍៕

