ទីផ្សារខុនដូរបស់ទីក្រុងបាងកក បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយ:ពេល ១៦ឆ្នាំកន្លងមកនេះ បន្ទាប់ពីត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែអត្រាការប្រាក់ខ្ពស់ និងការកើនឡើងនៃតម្លៃសំណង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមរបាយការណ៍ចុងក្រោយបំផុតមួយដែលចេញផ្សាយដោយក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ Colliers Thailand បានបង្ហាញឲ្យដឹងថា ការដាក់លក់ថ្មីៗនៅទីក្រុងបាងកក បានធ្លាក់ចុះរហូតដល់ទៅ ៩៤% មកនៅត្រឹម ៣៧៣ យូនីតប៉ុណ្ណោះ នៅត្រីមាសទី២ ឆ្នាំ ២០២៥នេះ។
ប្រភពដដែល បាននិយាយទៀតថា ចំនួននេះ ត្រូវបានចាត់ទុកថាជាការធ្លាក់ចុះទាបបំផុតមិនធ្លាប់មាន រាប់ចាប់តាំងពីឆ្នាំ២០០៩ មក នៅពេលដែលទីផ្សារកំពុងងើបមកពីវិបត្តិប្រាក់កម្ចីទិញផ្ទះ (Subprime Crisis) និងលើសពីការធ្លាក់ចុះ អំឡុងពេលមានវិបត្តិកូវីដ-១៩ ទៅទៀត។
ក្រុមហ៊ុន Colliers Thailand ក៏បានបង្ហាញទៀតថា តួលេខទាំងនេះ បាននិងកំពុងជំរុញឲ្យអ្នកភិវឌ្ឍអចលនទ្រព្យ និងអ្នកវិភាគវាយតម្លៃឡើងវិញជាបន្ទាន់នូវវិធីសាស្រ្តរបស់ពួកគេ។
លោក Pattarachai Thaweewong នាយកផ្នែកស្រាវជ្រាវប្រចាំនៅ Colliers International Thailand បាននិយាយថា ៖”នេះមិនមែនគ្រាន់តែជាការធ្លាក់ចុះតាមរដូវកាលប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញាច្បាស់លាស់ដែលឆ្លុះបញ្ចាំងពីការស្ទាក់ស្ទើររបស់អ្នកទិញ និងការសម្រេចចិត្តដោយប្រុងប្រយ័ត្នពីអ្នកអភិវឌ្ឍ ចំពេលកំពុងមានវិបត្តិសេដ្ឋកិច្ច ក្នុងប្រទេស” ៕

