ផ្សារហ៊ុនរបស់ថៃ ត្រូវបានគេរាយការណ៍ថាបានបន្តធ្លាក់ចុះ ១,៧១% គិតចាប់តាំងពីថ្ងៃទី១៨ ខែមិថុនាមក ចំពេលកំពុងភាពតានតឹងផ្នែកនយោបាយ កំពុងតែកើនឡើងកម្តៅយ៉ាងខ្លាំង។
យោងតាមការចុះផ្សាយពីសារព័ត៌មាន The Nation បានបង្ហាញឲ្យដឹងថា ការធ្លាក់ចុះនៃផ្សារហ៊ុនយ៉ាងគំហុកនេះ បានកើតឡើង បន្ទាប់ពីមានភាពតានតឹងនៅតំបន់ព្រំដែនកម្ពុជា-ថៃ កាន់តែអាក្រក់ទៅៗ ដោយសារតែមានការបែកធ្លាយកិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយបង្កើនជាក្តីបារម្ភក្នុងចំណោមក្រុមអ្នកវិនិយោគថៃ និងបរទេស ដែលនាំឲ្យមានការសម្រុកលក់ចេញហ៊ុនយ៉ាងខ្លាំង។
ទន្ទឹមនឹងនេះ លោក Piriyaphon Kongwanich នាយកផ្នែកវិភាគមូលដ្ឋានប្រចាំនៅ Bualuang Securities បានប្រាប់ទៅកាន់សារព័ត៌មាន Krungthep Turakij ថាការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅក្នុងទីផ្សារភាគហ៊ុនថៃ គឺកើតឡើងដោយសារបញ្ហានយោបាយ ជាពិសេសភាពតានតឹងដែលកំពុងកើនឡើងរវាងប្រទេសថៃ និងកម្ពុជា បន្ទាប់ពីមានការលេចធ្លាយកិច្ចសន្ទនា។
លោកបានបន្តទៀតថា៖ “ក្រៅពីសារសំឡេងលេចធ្លាយ នៅមានការព្រួយបារម្ភផ្សេងទៀត ពិសេសទាក់ទងនឹងក្រសួងមហាផ្ទៃ។ ប្រភពជាច្រើនបានរាយការណ៍ថា លោក Anutin Charnvirakul ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាចនឹងដកខ្លួនចេញពីជួររដ្ឋាភិបាល ដែលនេះអាចនឹងបន្ថយកម្លាំងរបស់រដ្ឋាភិបាល ក្នុងសភា។
លោក Gun Hathaisattha អ្នកយុទ្ធសាស្រ្តវិនិយោគប្រចាំនៅក្រុមហ៊ុន CGS International Securities ក៏បានកត់សម្គាល់ផងដែរថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃទីផ្សារភាគហ៊ុនរបស់ថៃនេះ គឺដោយសារតែការសម្រុកលក់យ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីមានការព្រួយបារម្ភអំពីជម្លោះព្រំដែនកម្ពុជា-ថៃ។ ជាមួយគ្នានេះ ភាពតានតឹងដែលកំពុងកើនឡើង និងលក្ខណៈរសើបនៃបញ្ហា រួមជាមួយនឹងភាពមិនច្បាស់លាស់លើការរុះរើគណៈរដ្ឋមន្ត្រី ក៏បានរួមចំណែកដល់ការប្រែប្រួលនៃទីផ្សារហ៊ុននេះ ផងដែរ។
ជម្រាបជូនផងដែរថា ស្ថានភាពនយោបាយនៅក្នុងប្រទេសថៃ បច្ចុប្បន្ន កំពុងស្ថិតនៅក្នុងភាពវឹកវរខ្លាំង បន្ទាប់ពីមានការបែកធ្លាយសំឡេងសន្ទនាតាមទូរស័ព្ទរវាង សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Paetongtarn Shinawatra ទាក់ទងនឹងការចរចាជុំវិញប្រតិបត្តិការច្រកព្រំដែនទ្វេភាគី៕