អ្នកឧកញ៉ា អាន ម៉ាឌី ប្រធានក្រុមហ៊ុន អាន ម៉ាឌី គ្រុប និងក្រុមគ្រួសារ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខលើកទឹកចិត្ត និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួន ទៅប្រគល់ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធឈរជើង នៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ពិធីប្រគល់ទទួលអំណោយ នៅបញ្ជាការដ្ឋានអង្គរក្ស ប្រចាំទិសខេត្តព្រះវិហារ ធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។
អ្នកឧកញ៉ា អាន ម៉ាឌី បានថ្លែងការកោតសរសើរចំពោះ កងទ័ពកម្ពុជានៅជួរមុខទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាង ដើម្បីការពារទឹកដី ប្រឆាំងជាមួយទ័ពឈ្លានពាន ហើយផ្តល់នូវសេចក្តីសុខឲ្យពលរដ្ឋខ្មែរទាំងអស់គ្នានៅជួរខាងក្រោយ។ បើសិនជាគ្មានការលះបង់របស់កងទ័ពជួរមុខនោះទេ យើងទាំងអស់គ្នានៅជួរក្រោយមិនអាចអង្គុយធ្វើការងារ ប្រកបរបររកសុី និងរៀនសូត្របាននោះទេ បើសិនជាគ្មានកងទ័ព ដ៏អង់អាចក្លាហានរបស់យើង នៅឈរកាន់អាវុធការពារទឹកដីបានរឹងមាំ។
ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា និងក្រុមគ្រួសារ ក៏សូមគោរពជូនពរ និងបួងសួងដល់អស់ទេវតា និងវត្ថុសក្កិសិទ្ធិក្នុងព្រះរាជាណាចក្រកម្ពុជា ប្រទានពរជ័យដល់ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងកម្លាំងពលំមាំមួន ព្រមទាំងយកឈ្នះគ្រប់មារសត្រូវ និងសមរភូមិ។
សូមជម្រាបថា នៅថ្ងៃដដែលនេះដែរ អ្នកឧកញ៉ា អាន ម៉ារ៉ាឌី និងក្រុមគ្រួសារ ក៏បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខលើកទឹកចិត្ត និងនាំយកអំណោះជាគ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួន ទៅប្រគល់ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធឈរជើងនៅខ្សែត្រៀមជួរមុខ តាមបណ្តាអង្គភាពនានា សរុប ២១អង្គភាពចំណុះឲ្យទិសព្រះវិហារផងដែរ៕












