ពិធីប្រកាសដាក់ឱ្យដំណើរការរដ្ឋបាលក្រុងអរិយក្សត្រ ធ្វើឡើងនៅបុរី របស់ឧកញ៉ា គង់ ប៊ុនហាវ នារសៀលនេះ

ជុំវិញ​ឧកញ៉ា

នារសៀល​ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣​នេះ​ ​​លោក គង់ សោភ័ណ្ឌ​ អភិបាល​​នៃ​គណៈអភិបាលខេត្ត​កណ្តាល ​​នឹង​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​បង្កើត និង​ដាក់​ឱ្យ​​ដំណើរការ​នូវ​រដ្ឋបាលក្រុងអរិយក្សត្រ ​នៃ​ខេត្ត​កណ្តាល និង​ពិធី​ប្រកាស​ចូល​កាន់​​មុខ​តំណែង​ជា​អភិបាល អភិបាលរង​នៃ​គណៈអភិបាល​ក្រុង​អរិយក្សត្រ ​ដែល​កម្មវិធី​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ក្នុង​បុរី វីទ្បា ទួលសង្កែ អរិយក្សត្រ ​​របស់ ​ឧកញ៉ា គង់ ប៊ុនហាវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បី​ឱ្យ​ដំណើរការ​កម្មវិធី​ខាង​លើ​នេះ​ទៅ​បាន​រលូន នៅ​ព្រឹកថ្ងៃពុធ​​នេះ​ ក្រុមការងារ​​​បាន​និង​កំពុង​​រៀបចំ​ទីតាំង​ប្រារព្វ​កម្មវិធី​ស្ទើរ​តែ​រួច​រាល់​អស់​ហើយ ខណៈ​ដែល​ទីតាំង​ប្រារព្វ​កម្មវិធី​ នឹង​ធ្វើ​ឡើង​នៅ​ជាប់​​នឹង​សាលាក្រុងអរិយក្សត្រ​តែ​ម្តង ដែល​ស្ថិត​នៅ​បុរី វីទ្បាទួលសង្កែ គម្រោងអរិយក្សត្រ (The Sanctuary City) នៅភូមិ​បារាជ សង្កាត់​ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

សូម​ជម្រាប​ថា កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ២០២៣​ សម្តេចតេជោ នាយករដ្ឋមន្ត្រី ​បាន​ចេញ​អនុក្រឹត្យ​​តែងតាំង​លោក ចាន់ តារា អតីត​អភិបាលរង​ស្រុក​​​ខ្សាច់​កណ្តាល ជា​អភិបាលក្រុង​អរិយក្សត្រ ខណៈ​ដែល​ការ​បោះឆ្នោត​លើកទី១ ​​​​​ក្នុង​ការ​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​អរិយក្សត្រ ​​នៃ​ខេត្តកណ្តាល ​​​​​​ត្រូវ​បាន​ធ្វើ​ឡើង​ កាល​ពី​ថ្ងៃ​ទី០៩ ខែមេសា ឆ្នាំ២០២៣។

ជាមួយគ្នា​នេះ ​​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​​កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក៏​បាន​ចេញ​ប្រកាស​​ផ្ទេរ​ភារកិច្ច និង​តែងតាំង​​អភិបាលរង​នៃ​គណៈអភិបាលក្រុង​អរិយក្សត្រ ចំនួន ៦​រូប​ ដែល​រួម​មាន៖ លោក ផៃ ច័ន្ទសុភី, លោក ផុន គឹមឡុង, លោក ស៊ឺង សុផាន់ណា, លោក ជា ហ៊ោ, លោក ចាន់ គឿយ និង​លោកស្រី ធី សុវណ្ណថា។

គួរ​រំឭក​ថា ​​​កាល​ពី​ថ្ងៃ​សុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​​បាន​ចេញ​អនុក្រឹត្យ​ បង្កើត​ក្រុង​អរិយក្សត្រ នៃ​ខេត្ត​កណ្តាល ដោយ​កាត់​ឃុំ​ចំនួន ០៦ ពី​ស្រុក​ខ្សាច់​កណ្តាល គឺ​ឃុំ​បាក់ដាវ ឃុំ​កោះ​ឧកញ៉ា​តី ឃុំព្រែក​អំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និង​ឃុំ​ស្វាយជ្រំ និង​ឃុំ​ចំនួន ០៥ ពី​ស្រុក​ល្វាឯម គឺ​ឃុំ​អរិយក្សត្រ ឃុំសារិកា​កែវ ឃុំ​ពាម​ឧកញ៉ាអុង ឃុំព្រែកក្មេង និង​ឃុំ​បារុង ដែលធ្វើឱ្យ​ក្រុងអរិយក្សត្រ មាន​សង្កាត់​សរុប​ចំនួន ១១៕​