យោងតាមស្ថាប័នស្រាវជ្រាវ Counterpoint Research បានបង្ហាញឲ្យដឹងថា ការលក់ស្មាតហ្វូនរបស់ប្រទេសចិន បានធ្លាក់ចុះអស់ ២,៤% នៅក្នុងត្រីមាសទី២ ឆ្នាំនេះ ខណ:ពេលដែលការលក់របស់ក្រុមហ៊ុន Apple មានការថយចុះខ្លាំង ស្របពេលដៃគូប្រជែងក្នុងស្រុក Huawei ទទួលបានចំណែកទីផ្សារកាន់តែច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលនេះ បានរាយការណ៍ទៀតថា ការលក់ស្មាតហ្វូននៅចិន របស់ Apple បានធ្លាក់ចុះ ១,៦% ក្នុងត្រីមាសទី២ ឆ្នាំនេះ ខណ:ពេលដែលការលក់របស់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនធំជាងគេនៅក្នុងប្រទេស បានកើនឡើង ១៧,៦% ។
ទន្ទឹមនឹងនេះដែរ ក្នុងត្រីមាសទី២ ក្រុមហ៊ុន Huawei មានចំណែកទីផ្សារសរុប ១៨,១% តាមពីក្រោយដោយក្រុមហ៊ុន Vivo, Oppo និង Xiaomi ។
យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនៃការលក់ស្មាតហ្វូននៅក្នុងប្រទេសចិនទាំងមូល បានកើតឡើង បន្ទាប់ពីការលក់មានការកើនឡើង ៥% នៅក្នុុងត្រីមាសទី១ ដែលបានបង្ហាញថាការជំរុញដំបូងពីកម្មវិធីឧបត្ថម្ភធនរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងលើស្មាតហ្វូន ឥឡូវនេះចាប់ផ្តើមអស់សុពលភាពហើយ។
ជម្រាបជូនផងដែរថា ការចំណាយលើការលក់រាយរបស់ចិនជារួម ត្រូវបានគេមើលឃើញថាមានការយឺតយ៉ាវ ក្នុងត្រីមាសទី២ ដែលជំរុញឲ្យមានការរំពឹងទុកសម្រាប់វិធានការជំរុញសេដ្ឋកិច្ចបន្ថែមទៀត ពីរដ្ឋាភិបាល៕

