លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញបញ្ជាក់ចំនួន៣ចំណុចជុំវិញ ប្រភេទគ្រាប់មីនដែលបានផ្ទុះកាលពីពេលថ្មីៗនេះ ដែលបានបណ្ដាលឱ្យទាហានថៃរងរបួសស្រាល និងធ្ងន់(ដាច់កជើងម្ខាង)។

នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន លោក ហេង រតនា បានលើកឡើងថា ផ្អែកតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហការប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី«ការបដិសេដការចោទប្រកាន់ថាកម្ពុជាប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស»និងបានបញ្ជាក់ច្បាស់ថា ករណីទាហានសៀមជាន់គ្រាប់មីនកប់ក្នុងដីគឺស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា។
បើផ្អែកលើស្ថានភាពជាក់ស្តែង អគ្គនាយកស៊ីម៉ាក់ បានសង្កេតឃើញថា៖ ១, ករណីផ្ទុះនេះស្ថិតក្នុងចម្ការមីនលេខ BS/CMAA/16808 ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចម្ការមីននេះមិនទាន់បានបោសសម្អាតនៅឡើយទេ។ ២, បើពិនិត្យស្ថានភាពនៃទាហានសៀមរងរបួសដាច់ «កជើង»ម្ខាងនោះ អាចបញ្ជាក់ថា ការផ្ទុះអាចបង្កឡើងដោយប្រភេទគ្រាប់មីនដែលមានបរិមាណជាតិផ្ទុះទាប ដូចជាប្រភេទមីន72A ឬ 72B ឬ M14 ឬ MN79 ឬក៏MD82B ជាដើម ដែលជាគ្រាប់មីនចាស់សំណល់សង្គ្រាមនិងមានកម្រិតជាតិផ្ទុះប្រមាណត្រឹមតែជាង៣០ក្រាមប៉ុណ្ណោះ។ ៣, ប្រសិនបើទាហានសៀមនោះ ជាន់ផ្ទុះប្រភេទគ្រាប់មីនPMN-2 និងស្របតាមការចោទប្រកាន់ថាជាគ្រាប់មីនPMN-2ថ្មីផងនោះ ទាហានរូបនេះអាចដាច់ជើងទាំង២ ឬក៏រងរបួសធ្ងន់ធ្ងរ ឬក៏ស្លាប់តែម្តង ព្រោះថាក្នុងគ្រាប់មីនPMN-2 មួយគ្រាប់មានបរិមាណជាតិផ្ទុះចំនួនរហូតដល់១១៥ក្រាម។ ការសន្និដ្ឋាននេះដោយផ្អែកលើភាពជាក់ស្តែងនៃជនរងគ្រោះដោយសារការផ្ទុះគ្រាប់មីន PMN-2 ជាច្រើនករណីកន្លងមកនៅកម្ពុជា។
លោក ហេង រតនា បានគូសបញ្ជាក់ថា ចម្ការមីនរាប់រយគីឡូម៉ែត្រស្ថិតនៅតាមបណ្តោយព្រំដែនខ្មែរ-សៀម ក្នុងបូរណភាពទឹកដីកម្ពុជាមិនទាន់ធ្វើការបោសសម្អាតគ្រាប់មីនទាំងនោះនៅឡើយទេ ដោយសារកម្ពុជាបន្តខិតខំអនុវត្តការបោសសម្អាតមីនតាមការកំណត់អាទិភាពបម្រើសុខសុវត្ថិភាពប្រជាពលរដ្ឋនិងការគាំទ្រសេដ្ឋកិច្ចសង្គមរបស់ខ្លួន៕









