តម្បាញសូត្រខ្មែរមួយកន្លែង ជួយផ្ដល់ការងារដល់ប្រជាជនខ្មែរ និងលើកស្ទួយវប្បធម៌សូត្រខ្មែរ

សង្គម​និង​សេដ្ឋកិច្ច

អង្គការ វាយនភ័ណ្ឌប្រពៃណីខ្មែរ (IKTT-INNOVATION OF KHMER TRADITIONAL TEXTILES) បានផ្ដល់ ចំណេះជំនាញ និងការងារក្នុងការផលិតសូត្រ ដល់ប្រជាជនខ្មែរគ្រប់វ័យ ដែលគ្មានការងារធ្វើ ហើយថែម​ទាំង​បាន​ជួយលើកស្ទួយ និងថែរក្សារវប្បធម៌ក្នុងការផលិតសូត្រតាមបែបបុរាណ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកស្រី យ៉ាន ម៉ារីយ៉ា អាយុ៣៨ ជាប្រធាន អង្គការ អាយ ខេ ធី ធី វាយនភ័ណ្ឌប្រពៃណីខ្មែរ បានឲ្យដឹងថា ការបង្កើតវិទ្យាស្ថានវាយនភ័ណប្រពៃណីខ្មែរ បានចាប់ផ្ដើមឡើងក្នុងឆ្នាំ ១៩៩៦ នៅរាជធានីភ្នំពេញ បង្កើតឡើងដោយស្ថាបនិកជនជាតិជប៉ុនមួយរូប ដែលស្រលាញ់ចូលចិត្តវាយនភ័ណប្រពៃណីខ្មែរ។ ក្រោយមកបានបង្កើតជាអង្គការ អាយ ខេ ធី ធី វាយនភ័ណ្ឌប្រពៃណីខ្មែរ ក្នុងឆ្នាំ ២០១៨ នៅក្រុងសៀមរាប បន្ទប់មកទៀតនៅឆ្នាំ ២០០២ គឺបានប្ដូរមកនៅក្នុងភូមិជប់សោម ឃុំពាក់ស្នែក ស្រុកអង្គរធំ ខេត្តសៀមរាប រហូតមកដល់បច្ចុប្បន្ន។

អ្នកស្រី យ៉ាន ម៉ារីយ៉ា បានឲ្យដឹងទៀតថា ការផលិតនូវក្រណាត់សូត្រខ្មែរនេះគឺមានភាពលំបាក នឹងចំណាយពេលយូរ ព្រោះការផលិតត្រូវធ្វើដោយដៃផ្ទាល់ ហើយធ្វើតាមបែបបទបុរាណ ដូចជា ដំបូងឡើយត្រូវចិញ្ចឹមដង្កូវនាងដើម្បីយកសូត្រ បន្ទាប់ត្រូវយកសូត្រមកសម្អាតឲ្យស្អាត ហើយយកមកជ្រលក់ពណ៌ និងធ្វើការត្បាញចេញជាក្រណាត់សូត្រ។

អ្នកស្រីបានបញ្ជាក់ថា ក្រណាត់សូត្រដែលផលិតដោយក្រុមការងាររបស់ អង្គការ អាយ ខេ ធី ធី គឺមានគុណភាពល្អ និងមានសភាពទន់ល្មើយ អតិថិជនដែលបានជាវក្រណាត់សូត្រ ពីអង្គការ អាយ ខេ ធី ធី ពួកគេអាចយកទៅកាត់កែច្នៃធ្វើជា សំពត់ អាវ និងក្រម៉ាជាដើម។ ចំពោះការគាំទ្រវាយនភ័ណប្រពៃណីខ្មែរ គឺមានការគាំទ្រច្រើនពីអតិថិជននៅក្រៅប្រទេស ជាពិសេសប្រទេសជប៉ុន ប៉ុន្តែរយៈពេលថ្មីៗនេះ អ្នកស្រីបានឃើញថា មានប្រជាជនខ្មែរយើងជាច្រើនបានចាប់អារម្មណ៍ និងគាំទ្រទៅលើវាយនភ័ណប្រពៃណីខ្មែរយើងបានច្រើនជាងពីមុន។

គួរបញ្ជាក់ថា អង្គការ អាយ ខេ ធី ធី បានផ្ដល់ជាទីជម្រក ចំណេះ ជំនាញ ការងារ ដល់ជនពិការ ចាស់ជរាដែលគ្មានទីពឹង ស្រ្ដីមេម៉ាយ និងជនដែលគ្មានការងារ បានជាច្រើននាក់។ ដូច្នេះ អង្គការ អាយ ខេ ធី ធី បានចូលរួមចំណែកក្នុងការជួយសេដ្ឋកិច្ចសង្គមជាតិបានមួយផ្នែកផងដែរ។

អ្នកស្រី យ៉ាន ម៉ារីយ៉ា បានយល់ឃើញថា អង្គការ អាយ ខេ ធី ធី នឹងរីកដុះដាលធំជាងនេះនៅថ្ងៃខាងមុខ ហើយប្រជាជនខ្មែរ នឹងកាន់តែស្គាល់ពីតម្លៃនៃការធ្វើសូត្រខ្មែរតាមបែបបទបុរាណ។ អ្នកស្រី បានសំណូមពរដល់ប្រជាជនខ្មែរ ជួយផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ពីផលិតផលសូត្រដែលធ្វើពីស្នាដៃប្រជាជនខ្មែរផ្ទាល់ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយយល់ពីតម្លៃនៃសូត្រខ្មែរយើង៕