ចិន រៀបចំពិធីរម្លឹកខួបអនុស្សាវរីយ៍ នៃការប្រសូតរបស់ព្រះមហាវីរក្សត្រខ្មែរ សម្តេច នរោត្តម សីហនុ

សង្គម​និង​សេដ្ឋកិច្ច

ស្ថានទូតចិនប្រចាំកម្ពុជា កាលថ្ងៃទី២៨ខែកញ្ញា បានរៀបចំកម្មវិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី១០០នៃការប្រសូតរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ«ព្រះបរមរតនកោដ្ឋ»និងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះ គឺមានការចូលរួមពីតំណាងយុវជនជាង៧០រូបដែលមកពីសារព័ត៌មានក្នុងស្រុក សិស្សនិស្សិត អង្គការមិនមែនរដ្ឋាភិបាល និងតារាល្បីក្នុងបណ្ដាញសង្គមជាច្រើន។

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានស្វាគមន៍ចំពោះយុវជនកម្ពុជាដែលបានអញ្ជើញចូលរួមកម្មវិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី១០០នៃការប្រសូតរបស់សម្ដេច«ព្រះបរមរតនកោដ្ឋ»និងព្រមទាំងបានអបអរសាទរជាមួយមន្ត្រីការទូតនៃស្ថានទូតចិនក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៣នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានរំឭកនិងវាយតម្លៃខ្ពស់ចំពោះព្រះរាជសកម្មភាពជាប្រវត្តិសាស្ត្ររបស់ព្រះអង្គក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងចិន-កម្ពុជា។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា ចាប់តាំងពីបង្កើតសាធារណរដ្ឋប្រជាមានិតចិនមក ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជាបានឈានចូលដល់ប្រវត្តិសាស្ត្រថ្មីមួយទៀត។

ជាងនេះទៀត ឯកឧត្តមបន្តថា នាឆ្នាំ២០២៣ខាងមុខនះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា ភាគីចិនរីករាយចាប់យកឱកាសនេះជាមួយភាគីកម្ពុជា ដើម្បីបន្តដំណើរទៅមុខ បោះជំហានឆ្ពោះទៅអនាគត ជំរុញការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជាឱ្យកាន់តែស៊ីជម្រៅ។

គួរបញ្ជាក់ដែរថា នៅក្នុងពិធីខាងលើ ក៏មានចាក់បញ្ចាំងវីឌីអូឯកសារជាភាសាចិនខ្មែរដែលផលិតឡើងយ៉ាងយកចិត្តទុកដាក់ដោយស្ថានទូតចិន ដោយបង្ហាញអំពីព្រះជីវប្រវត្តិនិងសមិទ្ធផលផ្លែផ្កាដ៏អស្ចារ្យរបស់សម្ដេច«ព្រះបរមរតនកោដ្ឋ», ប្រវត្តិដ៏យូរលង់នៃការប្រាស្រ័យទាក់ទងចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងចក្ខុវិស័យដ៏ត្រចះត្រចង់នៃទំនាក់ទំនងទ្វេភាគីនាពេលអនាគតថែមទៀត៕