រុស្ស៊ី​ជា​ប្រទេស​សំខាន់​មួយ​សម្រាប់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ និងពាណិជ្ជកម្មនៅ​កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

​ឆ្នាំ២០២២នេះ ​គឺជាគម្រប់​ខួប៦៦ឆ្នាំ​នៃការបង្កើត​ទំនាក់ទំនង​ការទូតរវាង​ប្រទេសកម្ពុជា ​និងសហព័ន្ធរុស្ស៊ី​។ ​ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៣ ​ខែឧសភា គឺប្រមុខរដ្ឋ ​ប្រមុខរដ្ឋាភិបាល​ និងស្ថាប័ន​កំពូល​ផ្សេងទៀត​នៃប្រទេសទាំង២​បានផ្លាស់ប្តូរ​លិខិតអបអរសាទរ​គ្នាទៅវិញទៅមក​ និងបានប្តេជ្ញាពង្រីក​ និងពង្រឹង​ទំនាក់ទំនង​ការទូតទ្វេភាគី​ឱ្យកាន់តែប្រសើរ​ឡើងបន្ថែមទៀត​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចាប់តាំងពីពេលបង្កើតទំនាក់ទំនងការទូតមក សហព័ន្ធរុស្ស៊ីបានប្តេជ្ញាបន្តការអភិវឌ្ឍន៍អន្តរកម្មក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងមនុស្សធម៌ ក៏ដូចជាធ្វើការរួមគ្នាក្នុងស្ថាប័នអន្តរជាតិ និងវេទិកានានាផងដែរ ។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានឲ្យដឹងថា ក្នុង​រយៈពេល​ប្រាំមួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​និស្សិត​កម្ពុជា​ជាង ៨ ពាន់​នាក់​បានបញ្ចប់​ការសិក្សា​នៅ​អតីត​សហភាពសូវៀត​ និង​សហព័ន្ធរុស្ស៊ី​សព្វថ្ងៃ។ ហើយមុនពេល​មាន​ជំងឺ​រាតត្បាត​កូវីដ១៩ មាន​ភ្ញៀវទេសចរ​រុស្ស៊ី​ប្រមាណ ៦៥ ម៉ឺន​នាក់​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ជា​រៀងរាល់​ឆ្នាំ។

នេះសបញ្ជាក់ឱ្យឃើញដែរថា ប្រទេស​រុស្ស៊ី​ជា​ប្រទេស​សំខាន់​មួយ​សម្រាប់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ និងពាណិជ្ជកម្មនៅ​កម្ពុជា។ បច្ចុប្បន្នមានមន្ត្រីកំពុងកាន់​មុខតំណែង​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​រួមទាំង​មាន​តួនាទី​ជា​ទេសរដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​មួយចំនួន​ទៀត​ផង ធ្លាប់ជានិស្សិតបញ្ចប់​ការសិក្សា​ពី​ប្រទេសរុស្ស៊ី។

ចំណែកឯ ​ពាណិជ្ជកម្ម​ទ្វេភាគី​ ជា​វិស័យ​មួយត្រូវបាន​មើលឃើញលើកកម្ពស់រវាងប្រទេសទាំងពីរ។ តាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៉ី កាលពីឆ្នាំ២០២១ មានចំនួនជាង ៩៤.១៨ លានដុល្លារ កើនឡើងជាង៣០លានដុល្លារបើធៀបនឹងកាលពីឆ្នាំ២០២០ ដែលមានជាងមានចំនួន៦៣.៨១លានដុល្លារអាមេរិក។ ក្នុងនោះ ការនាំចូលទំនិញទៅរុស្ស៉ីចំនួនជាង៥៩.៥៤លានដុល្លារ ខណៈការនាំចូលពីរុស្ស៉ីវិញមានចំនួន ៣៤.៦៤ លានដុល្លារ។

យ៉ាងណា បច្ចុប្បន្ននេះការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-រុស្ស៉ី មិនទាន់បានចាប់ផ្ដើមនៅឡើយទេ។ ប៉ុន្តែកាលពីកន្លងទៅ កម្ពុជាបាន និងកំពុងចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU) ដែលមានប្រទេស៥ រួមមាន ប្រទេសអាមែននា បេឡារុស កាហ្សាក់ស្ថាន កៀហ្សីស៊ីស្ថាន និងរុស្ស៊ី។

ក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និងអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៉ី កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសចូលរួមទិវាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោកឌុយបៃ កម្ពុជាបានស្នើឲ្យភាគីរុស្សីជួយជំរុញដំណើរការចរចារវាងកម្ពុជា-EAEU ឲ្យបានឆាប់ចប់ផងដែរ។

សម្រាប់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីខែមីនា ឆ្នាំ២០២២ ក៏បានសម្តែងនូវការព្រួយបារម្ភ ចំពោះសេដ្ឋកិច្ចកម្ពុជា ដែលអាចរងផលប៉ះពាល់ ពីការផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បន្ថែមពីលើវិបត្តិកូវីដ១៩ ដោយសារកើនឡើងនៃតម្លៃប្រេងនៅលើពិភពលោក ដែលរុញច្រានឲ្យមានការកើនឡើងអតិផរណា។

ទោះបីជាបែបក្តី នៅដើម្បីខែសីហា ឆ្នាំ២០២២នេះ កម្ពុជា និងរុស្ស៊ី បានចុះហត្ថលេខាលើផែនការពិគ្រោះយោបល់សម្រាប់ឆ្នាំ ២០២២-២០២៤ ក្នុងគោលបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា និង លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅទីក្រុងភ្នំពេញ។

សេចក្តីថ្លែងការណ៍រួមបន្ទាប់ពីពិធីចុះហត្ថលេខា រដ្ឋមន្ត្រីទាំងពីរបានឯកភាពជំរុញការអភិវឌ្ឍបន្ថែមទៀតនៃចំណងមិត្តភាពដ៏យូរអង្វែង និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ស្របតាមតម្លៃជាមូលដ្ឋាន និងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។

បើតាមសេចក្តីថ្លែងការណ៍៖ «កម្ពុជា និងរុស្ស៊ីនឹងរក្សា និងពង្រឹងកិច្ចសន្ទនានយោបាយ ទំនាក់ទំនងទៀងទាត់រវាងរដ្ឋាភិបាល សភា អាជ្ញាធរមូលដ្ឋាន និងគណបក្សនយោបាយ»។ បន្ថែមទៅទៀត ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ និងវប្បធម៌ ការពារជាតិ និងសន្តិសុខ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពរបស់អង្គការ និងក្រុមហ៊ុនលើគ្រប់វិស័យ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖ «កម្ពុជា និងរុស្ស៊ីនឹងបន្តគោរពផលប្រយោជន៍ស្របច្បាប់រវាងគ្នាទៅវិញទៅមក ក្នុងទំនាក់ទំនងទ្វេភាគី និងក្នុងក្របខ័ណ្ឌនៃវេទិកាតំបន់ និងអន្តរជាតិ»។

សូមរំលឹកថា កម្ពុជា និងរុស្ស៊ី បានបង្កើតទំនាក់ទំនងការទូតនឹងគ្នាកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប៉ុន្តែទំនាក់ទំនងនេះបានកាត់ផ្ដាច់នៅក្នុងរបបខ្មែរក្រហម តែក្រោយរបបនេះដួលរលំ កម្ពុជា និងសហភាពសូវៀតក៏បានភ្ជាប់ទំនាក់ទំនងនឹងគ្នាឡើងវិញ។ ហើយបន្ទាប់ពីសហភាពសូវៀតដួលរលំនៅចុងឆ្នាំ១៩៩១បង្កើតមកជាសហព័ន្ធរុស្ស៊ីវិញ ក៏ទំនាក់ទំនងការទូតនៃប្រទេសទាំង២នៅរក្សាដដែលរហូតមកដល់បច្ខុប្បន្ន។

កាលពី​ទសវត្សរ៍​៨០ កម្ពុជា​បាន​ជំពាក់​បំណុល​រុស្ស៊ី ១,៥០០​លាន​ដុល្លារ​អាមេរិកដែលខ្ចី​យកមកទិញ​អាវុធ និង​ទ្រទ្រង់សេដ្ឋកិច្ច​​។ ប៉ុន្តែ​កាលពីឆ្នាំ២០០៩ បំណុល​នេះត្រូវបាន​រុស្ស៊ី​សម្រេច​លុបចោល៧០​ភាគរយដោយនៅសល់បំណុលតែ ៤៥០​លាន​ដុល្លារ​តែប៉ុណ្ណោះ​។ យ៉ាងណាមិញ កាលពីឆ្នាំ២០១៨ រុស្ស៊ីក៏បានយល់ព្រមបង្វែរបំណុលដែលសេសសល់នេះទៅជួយសម្រាប់ការវិនិយោគនៅនៅក្នុងប្រទេសកម្ពុជាវិញតាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី៕