រដ្ឋមន្រ្តីក្រសួងព័ត៌មានអំពាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ពិសេសរូបភាព ឬព័ត៌មានបង្ហាញពីសកម្មភាពកងទ័ព

សង្គម​ និង​សេដ្ឋកិច្ច

ក្រោយមានការផ្ទុះអាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាមុន នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញសារអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទសូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្តម នេត្រ ភត្រ្តា បានជម្រាបជូនដល់បងប្អូនសាធារណជននិងអ្នកសារព័ត៌មានមេត្តាជ្រាបថា៖ សម្រាប់ប្រភពព័ត៌មានផ្លូវការទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែន, ប្រភព ៤ សំខាន់ដែលជាប្រភពផ្លូវការ​ គឺ១-ថ្នាក់ដឹកនាំកំពូលរបស់ជាតិ​​ ២-ក្រសួងការពារជាតិ ៣-ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ និង ៤-អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រភពផ្លូវ ក្រៅពីនោះ គឺមិនមែនជាព័ត៌មានផ្លូវការទេ។

ជាមួយគ្នានេះ ឯកឧត្តមក៏សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទសូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ។​ សូមបងប្អូនចូលរួមសហការឱ្យបានម៉ឺងម៉ាត់។

សូមជម្រាបជូនថា ជុំវិញបញ្ហាផ្ទុះអាវុធរវាងកងទ័ពថៃនិងកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ចេញសារបានប្រាប់ទៅកាន់ជនរួមជាតិ សូមរក្សាភាពស្ងាត់ស្ងៀមនិងមានលំនឹងក្នុងចិត្ត និងសូមបន្តការងារប្រចាំថ្ងៃជាប្រក្រតី។

កម្ពុជាតែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែក្នុងករណីនេះយើងគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធនោះទេ។

សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័ន រដ្ឋបាលខេត្តពាក់ព័ន្ធ ជាពិសេសកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាបាននិងកំពុងធ្វើកិច្ចការយ៉ាងសកម្ម និងប្រកបដោយភាពក្លាហានមោះមុត ក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិយើងទាំងលើសមរភូមិយោធា និងសមរភូមិការទូត ក៏ដូចជាជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការឈ្លានពានរបស់កងទ័ពថៃនៅពេលនេះ៕