សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើលិខិតជូនប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាវេលាថ្ងៃត្រង់ ទី២៤ ខែកក្កដានេះ បានផ្ញើលិខិតជូនឯកឧត្តម Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ថា កងទ័ពកម្ពុជា-ថៃ បានផ្ទុះអាវុធកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រហូតដល់ខេត្តព្រះវិហារ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។

សូមជម្រាបថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (United Nations Security Council) ជាអង្គភាពមួយដែលសំខាន់ក្នុងចំណោមអង្គភាពទាំង៦ផ្សេងទៀត ដែលបង្កើតឡើងដោយធម្មនុញ្ញអង្គការសហប្រជាជាតិ។ ទំនួលខុសត្រូវធំបំផុតរបស់អង្គការសហប្រជាជាតិ គឺការការពារសន្តិសុខ និងសន្តិភាពអន្តរជាតិ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បច្ចុប្បន្នមានសមាជិកចំនួន ១៥ប្រទេស ដែលក្នុងនោះមានសមាជិកមិនអចិន្ត្រៃយ៌ ១០រដ្ឋ និងមានសមាជិកអចិន្ត្រៃយ៍ចំនួន ៥រដ្ឋ រួមមាន សហរដ្ឋអាមេរិក អង់គ្លេស រុស្ស៊ី បារាំង និងប្រទេសចិន៕