សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានសម្តែងការព្រួយបារម្ភ និងបានអំពាវនាវឲ្យប្រទេសថៃ និងកម្ពុជា បន្ធូរបន្ថយភាពតានតឹង និងបញ្ចប់ជម្លោះនៅតាមតំបន់ព្រំដែនរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បាននិយាយកាលពីថ្ងៃទី២៤ ខែកក្កដាថា ៖” យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃអំពើហឹង្សានៅតាមព្រំដែនកម្ពុជា-ថៃ និងមានការសោកស្តាយចំពោះរបាយការណ៍ស្លាប់ និងរបួសរបស់ជនស៊ីវិល”។
ជាមួយគ្នានេះ សហភាពអឺរ៉ុប ក៏បានសម្តែងការព្រួយបារម្ភផងដែរថា ការប៉ះទង្គិចរវាងថៃ និងកម្ពុជា នៅតាមព្រំដែនបានបណ្តាលឲ្យជនស៊ីវិលបាត់បង់ជីវិត។ អ្នកនាំពាក្យសហភាពអឺរ៉ុប លោក Anouar El Anouni បាននិយាយថា៖” យើងអំពាវនាវឲ្យភាគីទាំងពីរកាត់បន្ថយភាពតានតឹង និងដោះស្រាយជម្លោះតាមរយ:ការសន្ទនា និងមធ្យោបាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ”។
ជម្រាបជូនថា ភាពតានតឹងរវាងថៃនិងកម្ពុជាបានកើនឡើងតាំងពីព្រលឹមថ្ងៃទី២៤ ខែកក្កដា នៅពេលដែលទាហានពីភាគីទាំងសងខាងបានបើកការបាញ់ប្រហារគ្នានៅតាមបណ្តោយព្រំដែន។ កម្ពុជានៅតែបន្តអះអាងថា ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់៕

