ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានចេញមុខបដិសេធថាលោកគ្មានគំនិតចង់បំផ្លាញអាជីវកម្មរបស់ Elon Musk នោះឡើយ ដោយសង្កត់ធ្ងន់ថា លោកមានតែចង់ឲ្យក្រុមហ៊ុនរបស់មហាសេដ្ឋីអាមេរិករូបនេះ កាន់តែរីកចម្រើនខ្លាំងជាងមុន ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គម Truth Social លោក ត្រាំ បានសរសេររៀបចំថា៖” មនុស្សគ្រប់គ្នាគិតថាខ្ញុំចង់បំផ្លាញក្រុមហ៊ុនរបស់ Elon Musk ដោយការកាត់ផ្តាច់ការឧបត្ថម្ភធនដ៏ធំមួយចំនួន ឬទាំងអស់ ដែលគាត់ទទួលបានពីរដ្ឋាភិបាលអាមេរិក។ តែនោះមិនមែនជាការពិតឡើយ”។
លោក ត្រាំ បានបញ្ជាក់ពីបំណងរបស់លោក ដោយចង់ឲ្យក្រុមហ៊ុនរបស់ Elon Musk ព្រមទាំងបណ្តាអាជីវកម្មទាំងអស់នៅក្នុងទឹកដីសហរដ្ឋអាមេរិក កាន់តែមានភាពរីកចម្រើនជាងពេលណាៗទាំងអស់។
ប្រធានាធិបអាមេរិក បានបន្តទៀតថា៖”អ្វីដែលពួកគេធ្វើបានកាន់តែល្អ នោះអាមេរិក នឹងកាន់តែរីកចម្រើន ហើយវាក៏ជារឿងដ៏ល្អបំផុតសម្រាប់ពលរដ្ឋគ្រប់គ្នាផងដែរ។ យើងកំពុងបង្កើតកំណត់ត្រាជារៀងរាល់ថ្ងៃ ហើយខ្ញុំចង់បន្តរក្សាវាតាមរបៀបនេះ”។
ជុំវិញការលើកឡើងរបស់លោក ត្រាំ បែបនេះ បានកើតឡើង ពោលគឺត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បានបង្ហាញពីភាពមិនច្បាស់លាស់ ចំពោះការអនុម័តរបស់លោក ត្រាំ ទៅលើកិច្ចសន្យាដែលទីភ្នាក់ងារសហព័ន្ធ បានចុះហត្ថលេខាជាមួយក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI របស់លោក Musk កាលពីពេលថ្មីៗនេះ។
ជម្រាបជូនថា លោក Musk គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុត បន្ទាប់ពីបានវិនិយោគយ៉ាងច្រើននៅក្នុងយុទ្ធនាការរបស់លោក ត្រាំ ហើយថែមទាំងត្រូវបានប្រគល់ភារកិច្ចឲ្យដឹកនាំការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលផងដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ ទំនាក់ទំងរវាងលោក ត្រាំ និងមហាសេដ្ឋី Elon Musk កាន់តែកាន់តែយ៉ាប់យ៉ឺនដោយសារការខ្វែងគំនិតគ្នាលើការចំណាយ និងការកាត់បន្ថយពន្ធ ដែលឈានដល់ការផ្ទុះជម្លោះ និងការវាយប្រហារពាក្យសម្តីគ្នា នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃទី៥ ខែមិថុនា៕

