នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លើបណ្ដាញសង្គមផ្ទាល់ខ្លួន នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា បន្ទាប់ពីមានការប៉ះទង្គិចតូចៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចន្លោះពី ២ថ្ងៃចុងក្រោយនេះ កងកម្លាំងប្រដាប់អាវុធកម្ពុជាបានអនុវត្តភារកិច្ចដោយភាពក្លាហាន និងម៉ឺងម៉ាត់ ដើម្បីការពារបូរណភាពទឹកដី។

សម្រាប់ខេត្តជាប់ព្រំដែនដូចជា កោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន និងបន្ទាយមានជ័យ, ឯកឧត្តមរដ្ឋមន្រ្ដីបានអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាសភាពស្ងៀមស្ងាត់ មិនបង្កភាពចលាចល ហើយគោរពតាមសេចក្ដីណែនាំរបស់អាជ្ញាធរ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់ថា កងកម្លាំងយើងបានត្រៀមខ្លួនរួចរាល់ សម្រាប់ការពារសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងបូរណភាពទឹកដីរបស់ប្រទេសជាតិ។ សូមបងប្អូនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងយើង៕

