ទីលានទុកដាក់​សំរាម​តម្លៃជាង៤លានដុល្លារក្នុងខេត្តកំពង់ធំ ត្រូវបាន​សម្ពោធដាក់ឱ្យប្រើប្រាស់

សង្គម​និង​សេដ្ឋកិច្ច

ទីលានទុកដាក់សំរាមតម្លៃជាង៤លានដុល្លារក្នុងខេត្តកំពង់ធំ បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់​ជូន​រដ្ឋ​​បាល​​​ខេត្តគ្រប់គ្រង និងប្រតិបត្តិការបន្ត ក្រោម​អធិបតី​ភាព លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធា​រ​ណ​​ការ និងដឹកជញ្ជូន អ្នកតំណាងធនាគារអភិវឌ្ឍន៍អាស៊ី អាជ្ញាធរ​ខេត្ត នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីសម្ពោធនេះ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី(ADB)​ ដែលជាដៃ​គូ​អភិ​វឌ្ឍន៍មួយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ​លើគ្រប់​វិស័យ តាមរយៈកម្ចីឥណទាន និងក្រុម​​ហ៊ុន​​សាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស នៃក្រសួងសាធារ​ណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និងបងប្អូន​ប្រជា​ពល​​រដ្ឋ ដែលបានផ្តល់កិច្ចសហការ​យ៉ាងល្អ​ប្រសើរ ជំរុញឱ្យការងារសាងសង់អាចដំណើរការទៅបានដោយរលូន និង​បញ្ចប់​តាមផែនការ​គ្រោង​ទុក។

លោកបានបន្តថា​ ទីលានទុកដាក់សំរាមដែលមានលក្ខណៈស្របតាមបទដ្ឋានបច្ចេកទេសស្តង់ដារ​បែបនេះ គឺពិតជា​បាន​​ចូល​រួមចំណែកក្នុងការលើកកម្ពស់គុណភាព សុខុមាលភាពការរស់នៅ របស់​ពល​រដ្ឋ នៅក្នុងតំបន់ ក៏ដូចជាតំបន់ជុំវិញ។ ជាពិសេស គឺកាត់បន្ថយបញ្ហា​ប្រឈមទៅលើ​កត្តាសុខភាព ការ​​បំពុល និងការបំផ្លាញបរិស្ថាន ព្រមទាំងធ្វើឱ្យខេត្តកំពង់ធំ​មានភាពស្រស់បំព្រងប្រកបដោយ​បរិយាប័ន្ន​ផងដែរ។

គួរបញ្ជាក់ថា ទីលានទុកដាក់សម្រាមដែលសម្ពោធដាក់ឲ្យប្រើប្រាស់នេះ មានទីតាំងស្ថិត​នៅភូមិ​​ត្រពាំង​ឫស្សី ឃុំត្រពាំង​​ឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ទីលានជាគម្រោងមួយនៅក្នុង គម្រោង​កែ​លម្អ​គ្រប់​គ្រងបរិស្ថាន ក្រុងជុំវិញ​បឹង​​ទន្លេសាប ជំហានទី២ ប្រើប្រាស់ឥណទាន​ពីធនា​គារ​ADB ក្នុងការ​ស្ថាបនា ជាមួយទំហំទឹកប្រាក់ជាង៤លាន ដុល្លារអាមេរិក ដោយចាប់ផ្តើមការ​សាងសង់នៅថ្ងៃទី០៧ កក្កដា ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ វិច្ឆិកា ២០២២។

ទីលានទុកដាក់សំរាមនេះ សាងសង់លើផ្ទៃដីទំហំ​ ១៤,៧៣ ហិកតា នៃផ្ទៃដីសរុប ១៩,៧៦ ហិកតា។រណ្តៅទុកដាក់​សំរាម​មាន​ទទឹង៨០ម៉ែត្រ បណ្តោយ១៧០ម៉ែត្រ ជម្រៅ០២ម៉ែត្រ ដែលត្រូវជា ១,៣៦​ហិកតា។ តាមផែនការរណ្តៅនេះ នឹងត្រូវបំពេញ​សំរាមរហូតដល់កម្ពស់ ១០ម៉ែត្រ គីតពីមាត់រណ្តៅ ដែលអាចផ្ទុកបរិមាណសំរាមបានប្រមាណ ៩៧ ៨៨៦ ម៉ែត្រគូប ហើយ​គ្រោង​នឹងដាក់ឱ្យប្រើប្រាស់រយៈ​ពេល២០ឆ្នាំ សម្រាប់ប្រជាជន ប្រមាណជា ៣៦ ៤៧៨នាក់​ នៅក្នុង​ជុំវិញទីរួមខេត្តកំពង់ធំ​៕