សម្តេចធិបតី៖ មាន ឬគ្មានការចូលរួមពីជំនួយបរទេស ខ្មែរត្រូវតែកសាងឱ្យបាននូវព្រែកជីកហ្វូណន

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្តេជ្ញាកសាងឱ្យបាននូវគម្រោងព្រែកជីកហ្វូណនតេជោសម្រាប់បម្រើអោយផលប្រយោជន៍ប្រទេសជាតិនិងប្រជាជនខ្មែរ ទោះជាមាន ឬមិនមានការចូលរួមពីវិនិយោគិនក្រៅប្រទេសក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធី “សំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤” ​ កាលថ្ងៃទី២៨ មេសា ២០២៤។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងអរគុណដល់ថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន និងប្រជាពលរដ្ឋ ដែលបានចេញសារគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ យ៉ាងផុសផុល រហូតដល់មានបងប្អូនចង់បង្កើតមូលនិធិ ឬចង់បង្កើតកុងចង់ចូលរួមវិភាគទានជួយដល់គម្រោងនេះថែមទៀត។ទន្ទឹមគ្នានេះ សម្តេចថា គម្រោងព្រែកជីកហ្វូណនតេជោនេះ មិនតម្រូវឱ្យបងប្អូនចូលរួមជាមូលនិធិអីនោះទេ ព្រោះរាល់គម្រោងយើងបានគិតគូរពីហិរញ្ញវត្ថុធានារាប់ឆ្នាំមកហើយ ហើយយើងស្វារគមន៍នូវទឹកចិត្តជាតិនិយមរបស់បងប្អូន ដែលវាជាកម្លាំងដ៏មហិមាសម្រាប់ផលប្រយោជន៍បងប្អូនកូនចៅជំនាន់ក្រោយរបស់យើង»។

ជាថ្មីម្តងទៀត សម្តេចធិបតី នៅតែបញ្ជាក់ថា៖« បើទោះជាមាន ឬមិនមានការចូលរួមពីជំនួយបរទេស ខ្មែរត្រូវតែកសាងឱ្យបាននូវគម្រោងព្រែកជីកហ្វូណនតេជោ គីអត់មានការថយក្រោយនោះទេ»។

គួរបញ្ជាក់ថា ផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ មានគន្លងនាវាចរណ៍ ២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។

គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ខណៈដែលគម្រោងមួយនេះ គ្រោងនឹងចំណាយទឹក ប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង៕ អត្ថបទ៖ រង្សី