អាជ្ញាធរជាតិព្រះវិហារ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ចំពោះ សកម្មភាពបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកដោយយន្តហោះមកលើប្រាសាទព្រះវិហារ

សង្គម​ និង​សេដ្ឋកិច្ច

អាជ្ញាធរជាតិព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើឈ្លានពានរបស់កងកម្លាំង ប្រដាប់អាវុធនៃព្រះរាជាណាចក្រថៃ នាថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យប៉ះពាល់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើរចនាសម្ព័ន្ធផ្ទាល់របស់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងបរិវេណជុំវិញ ដែលជាមរតកវប្បធម៌ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ និងមានតម្លៃលេចធ្លោជាសកលសម្រាប់មនុស្សជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាជ្ញាធរជាតិព្រះវិហារ ចាត់ទុកការវាយប្រហារដោយមិនញញើត ជាមួយនឹងការប្រើប្រាស់ការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែក ពីលើអាកាសដោយយន្តហោះ F-16របស់ថៃ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរនិងមិនអាចទទួលយកបាន មិនគោរពទៅតាម អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្ដីពីកិច្ចការពារសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធ, ពិធីសារទីពីរ ឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេឆ្នាំ ១៩៥៤ ពាក់ព័ន្ធនឹងការពង្រីកកិច្ចការពារ និងគណនេយ្យភាព លើបេតិកភណ្ឌវប្បធម៌ និងអនុសញ្ញាអង្គការយូណេស្កូឆ្នាំ១៩៧២ ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ពិភពលោក ដែលប្រទេសថៃជារដ្ឋសមាជិក។

ជាមួយគ្នានេះ ប្រទេសថៃគឺជារដ្ឋសមាជិកមួយនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីអភិរក្ស និងលើកតម្លៃប្រាសាទព្រះវិហារ (ICC-Preah Vihear) ដែលបានបង្កើតឡើងដោយសេចក្ដីសម្រេចលេខ 195EX/32 របស់គណៈកម្មការប្រតិបត្តិរបស់អង្គការយូណេស្កូ ឆ្នាំ២០១៤ មានប្រទេសចិន និងប្រទេសឥណ្ឌា ជាសហប្រធានរួម ជាមួយប្រទេសជាសមាជិកដ៏ទៃទៀតដូចជា ប៊ែលហ្សិក បារាំង ជប៉ុន សាធារណៈរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិច ដែល មានតួនាទីនិងភារកិច្ចចូលរួមចំណែកក្នុងការអភិរក្ស និងលើកតម្លៃបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ។

ក្នុងន័យនេះ អាជ្ញាធរជាតិព្រះវិហារ សម្តែងនូវការសោកស្តាយដែលប្រទេសថៃមិនបានបំពេញភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងអនុសញ្ញាអន្តរជាតិនានា ក្នុងនាមជាសមាជិកនៃអង្គការយូណេស្កូ និងគណៈកម្មការបេតិកភណ្ឌពិភពលោក ដើម្បីអភិរក្សនិងលើកតម្លៃប្រាសាទព្រះវិហារ ប៉ុន្តែបានធ្វើសកម្មភាពបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយ ផ្ទាល់មកលើសម្បត្តិបេតិកភណ្ឌពិភពលោក ហើយបានបង្ករឱ្យមានការជម្លៀសប្រជាជនរាប់ពាន់គ្រួសារ និងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជនស៊ីវិលយ៉ាងច្រើន។

អាជ្ញាធរជាតិព្រះវិហារ បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ចំពោះ សកម្មភាពបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកដោយយន្តហោះមកលើប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទ រួមទាំង ការបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ប្រាសាទព្រះវិហារទាំងមូល។

ជាមួយគ្នានោះ អាជ្ញាធរជាតិព្រះវិហារ ក៏បានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តមិនងាករេក្នុងការការពារ និងអភិរក្សបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ ទោះជាកំពុងស្ថិតក្នុងស្ថានភាពទទួលរងការឈ្លានពានប្រដាប់អាវុធពីប្រទេសជិតខាងក៏ដោយ៕