អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំវេទិកាសារព័ត៌មានលើកទី៧ ស្ដីពី «កម្ពុជាឈរកាន់តែរឹងមាំលើឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ» ដោយមានការចូលរួមជាវាគ្មិនពីសំណាក់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និង ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។

រយៈពេល ៣ខែ ឆ្នាំ២០២៥ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីស្នាដៃគួរឱ្យស្ញប់ស្ញែង និងសមិទ្ធផលផ្លៃផ្កាជាច្រើនអនេក តាមរយៈកិច្ចខិតខំប្រឹងប្រែងនិងភាពវាងវៃរបស់ថ្នាក់ដឹកនាំ ភាពធន់និងកាន់រឹងមាំរបស់រាជរដ្ឋាភិបាល និងតម្លៃកាន់តែលេចធ្លោរបស់កម្ពុជានៅលើឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ថា៖ «ទោះបីជាស្ថានភាពពិភពលោកមានភាពស្មុគស្មាញ មិនច្បាស់លាស់ ប៉ុន្តែកម្ពុជា នៅតែអាចថែរក្សាបានយ៉ាងល្អទាំងសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាសរសរគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេស»។

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាយើងមានសំណាង ដ្បិតកំពុងបន្តគ្របដណ្តប់ដោយសន្តិភាព និងអាចបន្តអភិវឌ្ឍ ខណៈដែលស្ថានភាពសកលនិងតំបន់កាន់តែផុសស្រួយ កាន់តែស្មុគស្មាញ មិនជាក់លាក់ទាល់តែសោះ និងប្រកបដោយគ្រោះថ្នាក់»។
សូមជម្រាបថា នៅរៀងរាល់បីខែម្តង ឯកឧត្តម ប៉ែន បូណា និងឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ តែងតែធ្វើបច្ចុប្បន្នភាព ស្តីពី វឌ្ឍនភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីចែករំលែកព័ត៌មានដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត និងម្ចាស់ប្រទេសឱ្យបានជ្រាប.
សូមអញ្ជើញទស្សនាវីដេអូ វេទិកាសារព័ត៌មានលើកទី៧ ស្តីពី «កម្ពុជាឈរកាន់តែរឹងមាំលើឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ» ខាងក្រោម៖


