លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា ការប្រើប្រាស់គ្រាប់បែកចង្កោមតាមរយៈគ្រាប់កាំភ្លើង១៥៥មីលីម៉ែត្ររបស់ទ័ពសៀម មកលើទឹកដីកម្ពុជា ជាការរំលោភអនុសញ្ញាអន្តរជាតិ យ៉ាងធ្ងន់ធ្ងរបំផុត។

លោក ហេង រតនា បានលើកឡើងថា នៅសមរភូមិមុខនៃសង្គ្រាមឈ្លានពានរបស់សៀម លើព្រំដែនបូរណភាពទឹកដីខ្មែរនោះ ពួកទ័ពសៀមបានប្រើប្រាស់គ្រាប់បែកចង្កោម តាមរយៈគ្រាប់កាំភ្លើង១៥៥មីលីម៉ែត្រ ដែលបាញ់ពីកាំភ្លើងធំប្រភេទ (M758 ATMG 155 mm) បាញ់បានចម្ងាយប្រមាណ៤០គីឡូម៉ែត្រ។
លោកបន្ថែមថា ក្នុងគ្រាប់ផ្លោង១៥៥មីលីម៉ែត្រមួយគ្រាប់ មានកូនគ្រាប់បែកចង្កោមចំនួន៥៦គ្រាប់ ដែលគ្រាប់កាំភ្លើងធំប្រភេទនេះ ស្ថិតនៅក្រោមការហាមឃាត់ នៃអនុសញ្ញាគ្រាប់បែកចង្កោម អន្តរជាតិអូស្លូ។ បច្ចុប្បន្ននេះ មានប្រទេស១២៤ ជាសមាជិករដ្ឋភាគី! ទង្វើរបស់សៀមនេះ ជាការរំលោភអនុសញ្ញាអន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុត៕










