សារព័ត៌មានអន្តរជាតិធំៗ ចង្អុលចំៗថាថៃ ជាអ្នកបើកការវាយប្រហារមកលើកម្ពុជាមុន 

អន្តរជាតិ

បណ្តាសារព័ត៌មានអន្តរជាតិធំៗ ដូចជា CNN និង Bloomberg បានចុះផ្សាយនូវអត្ថបទពាក់ព័ន្ធទៅនឹងជម្លោះដែលកំពុងផ្ទុះឡើងរវាងភាគីថៃ និងកម្ពុជា​ គិតចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដាមក។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសារព័ត៌មានដ៏ធំបំផុតមួយរបស់អាមេរិក បានចុះផ្សាយថា ប្រទេសថៃ ​បានបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើទីតាំងយោធាកម្ពុជា នៅតាមបណ្តោយព្រំដែន ដោយបានបង្កើនភាពតានតឹងកាន់តែខ្លាំងឡើង រវាងប្រទេសទាំងពីរ។ 

ប្រភពដដែល បានបង្ហាញឲ្យដឹងទៀតថា ភាគីកម្ពុជា មិនបាននៅស្ងៀមឡើយ ដោយបានប្តេជ្ញាឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់ជាទីបំផុត។ ការផ្ទុះឡើងនៃជម្លោះនេះ កម្ពុជា នៅតែប្រកាន់ជំហរ ដោយបានចោទប្រកាន់កងកម្លាំងថៃថា បានរំលោភលើកិច្ចព្រមព្រៀង ដោយទាហានថៃ បានឡើងមកកាន់ប្រាសាទតាមាន់ធំ​ និងដាក់ពង្រាយលួសបន្លា នៅតាមជើងប្រាសាទ។ 

ទន្ទឹមនឹងនេះ​ សារព័ត៌មាន Bloomberg ក៏បានចុះផ្សាយផងដែរថា ប្រទេសថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16 ដើម្បីទម្លាក់គ្រាប់បែកលើគោលដៅយោធាចំនួនពីរ នៅក្នុងប្រទេសកម្ពុជា ខណ:កម្ពុជា ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់អាវុធជាច្រើន រួមទាំងគ្រាប់រ៉ុក្កែតផងដែរ​ ដើម្បីជាការតបតវិញ។ 

ជម្រាបជូនថា ភាព​តានតឹង​រវាង​ថៃ​និង​កម្ពុជា​បាន​កើន​ឡើង​តាំងពី​ព្រលឹម​ថ្ងៃ​ទី​២៤ ខែកក្កដា នៅ​ពេល​ដែល​ទាហាន​ពី​ភាគី​ទាំង​សងខាង​បាន​បើក​ការ​បាញ់​ប្រហារ​គ្នានៅតាមបណ្តោយ​ព្រំដែន។ កម្ពុជានៅតែបន្តអះអាងថា ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់៕