នាយករដ្ឋមន្ត្រីស្តីទីថៃ​ បន្តទាមទារឲ្យមានការចរចាទ្វេភាគី​ ក្រោយលោក​ ត្រាំ ចេញមុខអន្តរាគមន៍

អន្តរជាតិ

នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai បាននិយាយនៅថ្ងៃអាទិត្យនេះថា ការសន្ទនាថ្មីៗនេះ រវាងលោកជាមួយ​ លោក ដូណាល់ ត្រាំ គឺមានលក្ខណៈស្ថាបនា និងវិជ្ជមាន​ បន្ទាប់ពីប្រធានាធិបតីអាមេរិក ចេញមុខអំពាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ រវាងភាគីកម្ពុជានិងថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក​ Phumtham បានបញ្ជាក់ថា ប្រទេសថៃ​ នៅតែចង់ចរចាជាលក្ខណ:ទ្វេភាគីជាមួយកម្ពុជាច្រើនជាង និងមិនចង់ទទួលបានការអន្តរាគមន៍ពីភាគីទីបី ក្នុងការស្រាយជម្លោះព្រំដែនដែលកំពុងបន្តនេះឡើយ។ លោកក៏បានបញ្ជាក់សារជាថ្មីថា ការដកទ័ពកម្ពុជាណាមួយ ត្រូវតែអនុវត្តដោយស្មោះត្រង់។

ថ្លែងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍កងទ័ពភូមិន្ទថៃ លោក Phumtham បានពន្យល់ថា លោក ត្រាំ បានស្នើសុំឲ្យមានបទឈប់បាញ់ភ្លាមៗរវាងប្រទេសថៃ និងកម្ពុជា ដោយបន្ថែមថា សហរដ្ឋអាមេរិកនឹងមិនបន្តការចរចាពាណិជ្ជកម្មនោះទេ លុះត្រាតែការប្រយុទ្ធគ្នាបានបញ្ឈប់។

ជម្រាបជូនផងដែរថា​ នៅយប់ថ្ងៃទី២៦ ខែកក្កដា ប្រធានាធិបតីអាមេរិក ក៏បានពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ ពាក់ព័ន្ធទៅនឹងការប្រយុទ្ធគ្នាដោយប្រដាប់អាវុធ នៅតំបន់ព្រំដែនកម្ពុជា-ថៃ។

នៅក្នុងកិច្ចសន្ទនានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានញ្ជាក់យ៉ាងច្បាស់ជាមួយឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ថាកម្ពុជាឯកភាពជាមួយសំណើរឲ្យមានការឈប់បាញ់ភ្លាម និងដោយឥតលក្ខខណ្ឌរវាងកងទ័ពទាំងពីរ។ ជាក់ស្ដែងជំហរនេះ សម្តេចក៏ធ្លាប់បានបញ្ជាក់ជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានកាលពីថ្ងៃទី ២៤ កក្កដា កន្លងទៅផងដែរ៕