រដ្ឋចំនួន ២៥ ប្តឹងប្រឆាំងទៅនឹងការដាក់ពន្ធគយថ្មីរបស់លោក ដូណាល់ ត្រាំ

អន្តរជាតិ

សម្ព័ន្ធភាពនៃរដ្ឋចំនួន ២៥ របស់សហរដ្ឋអាមេរិក កំពុងប្តឹងរដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដោយចោទប្រកាន់ថាលោកបានធ្វើលើសពីសិទ្ធិអំណាច នៅពេលដាក់ចេញពន្ធគយថ្មីលើដៃគូពាណិជ្ជកម្មចំនួន៦០។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញបណ្តឹងនេះត្រូវបានដាក់ដោយរដ្ឋដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យទៅកាន់តុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក (ITC) នៅថ្ងៃទី៣ ខែសីហា។ ពួកគេកំពុងស្នើសុំឱ្យតុលាការផ្អាកពន្ធគយថ្មីនេះ ដោយប្រកាសថាវាខុសច្បាប់ និងស្វែងរកការសងប្រាក់ពន្ធដែលបានបង់រួចហើយត្រលប់មកវិញ។

លោកស្រី Letitia James អគ្គរដ្ឋអាជ្ញានៃទីក្រុងញូវយ៉កបានមានប្រសាសន៍ថា ៖”បន្ទាប់ពីចាញ់ក្តីនៅតុលាការកំពូល រដ្ឋបាលលោក ត្រាំ កំពុងស្វែងរកការបង្កើនពន្ធដោយខុសច្បាប់លើគ្រួសារ និងអាជីវកម្មជាថ្មីម្តងទៀតតាមរយៈការដាក់ពន្ធគយជុំថ្មី”។

គួរឲ្យដឹងថា នៅថ្ងៃទី២៤ ខែកក្កដា សហរដ្ឋអាមេរិកបានចាប់ផ្តើមដាក់ពន្ធនាំចូលថ្មីលើប្រទេសដៃគូពាណិជ្ជកម្មចំនួន ៦០ បន្ទាប់ពីការស៊ើបអង្កេតលើការអនុវត្តពាណិជ្ជកម្មដោយមិនយុត្តិធម៌។ ពន្ធគយថ្មីនេះ មានពីរកម្រិត៖ ១០% និង ១២,៥% ដោយជំនួសអត្រាបណ្តោះអាសន្ន ១០% ដែលផុតកំណត់ក្នុងពេលតែមួយ។

យ៉ាងណាមិញរដ្ឋនានាអះអាងថា ការអំពាវនាវរបស់រដ្ឋបាលលោក ត្រាំ លើមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ និងការព្រួយបារម្ភអំពីការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ គ្រាន់តែជាលេសសម្រាប់ការដាក់ពន្ធគយថ្មីឡើងវិញយ៉ាងឆាប់រហ័សប៉ុណ្ណោះ បន្ទាប់ពីគោលនយោបាយពីមុនត្រូវបានលុបចោលដោយតុលាការកំពូល។

ជម្រាបជូនផងដែរថា កាលពីដើមខែកុម្ភៈ តុលាការកំពូលបានបដិសេធគោលនយោបាយពន្ធគយនាំចូលរបស់លោក ត្រាំ ដោយផ្អែកលើច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA)។ ជាការឆ្លើយតប នៅថ្ងៃដដែលនោះ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដែលដាក់ពន្ធនាំចូលបន្ថែម ១០% ដោយលើកឡើងពីសិទ្ធិអំណាចក្រោមមាត្រា ១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤៕​