លោក ត្រាំ ដំឡើងពន្ធនាំចូលដល់ ២៥% ទៅលើទំនិញជាច្រើនរបស់ប្រទេសកូរ៉េខាងត្បូង

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងដំឡើងពន្ធនាំជូលដល់ ២៥% លើរថយន្ត ឈើ និងឱសថរបស់កូរ៉េខាងត្បូង បន្ទាប់ពីចោទប្រកាន់ថាប្រទេសនេះថាមិនបានបំពេញតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួន កាលពីថ្ងៃទី២៦ ខែមករា ថា៖” កូរ៉េខាងត្បូងមិនទាន់បានបំពេញតាមកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកនៅឡើយទេ”។

ប្រធានាធិបតីអាមេរិក បាននិយាយបន្ថែមទៀតថា ៖”​ដោយសារតែរដ្ឋសភាកូរ៉េខាងត្បូងមិនបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្រ្តរបស់យើង ទោះបីជាស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ពួកគេក៏ដោយ ខ្ញុំបានសម្រេចចិត្តបង្កើនពន្ធនាំចូលលើរថយន្ត ឈើ ឱសថ និងពន្ធបដិការផ្សេងទៀតទាំងអស់លើទំនិញរបស់កូរ៉េខាងត្បុង ពី ១៥% ទៅ ២៥%”។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ ហាក់មិនបានបញ្ជាក់ឲ្យដឹងនៅឡើយទេថា​ ពេលណាការដាក់ពន្ធគយនោះនឹងត្រូវចូលជាធរមាននោះទេ។

គួរឲ្យដឹងថា កាលពីឆ្នាំមុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មរួមគ្នាមួយ។ ក្រោមកិច្ចព្រមព្រៀងនេះ ទីក្រុងវ៉ាស៊ីនតោននឹងកាត់បន្ថយពន្ធលើរថយន្ត និងគ្រឿងបន្លាស់រថយន្តកូរ៉េខាងត្បូងដែលនាំចូលទៅក្នុងសហរដ្ឋអាមេរិកពី ២៥% ទៅ ១៥% ដែលត្រូវគ្នានឹងពន្ធលើប្រទេសជប៉ុនដែរ។ ជាមួយគ្នានេះ កូរ៉េខាងត្បូងក៏នឹងវិនិយោគទឹកប្រាក់ចំនួន ៣៥០ពាន់លានដុល្លារ នៅក្នុងវិស័យយុទ្ធសាស្ត្រជាច្រើន នៅសហរដ្ឋអាមេរិកផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាលពីដើមខែនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបាននិយាយថា ផែនការវិនិយោគចំនួន ៣៥០ពាន់លានដុល្លាររបស់ខ្លួន មិនអាចដាក់ឱ្យដំណើរការនៅឆមាសទីមួយនៃឆ្នាំ២០២៦ បាននោះទេ ដោយសារតែប្រាក់វ៉ុនចុះខ្សោយ៕​