CEO ជាន់ខ្ពស់កាសែត Washington Post របស់មហាសេដ្ឋី ​Jeff Bezos ប្រកាសចុះចេញពីតំណែង

អន្តរជាតិ

នាយកប្រតិបត្តិ និងជាអ្នកបោះពុម្ពផ្សាយជាន់ខ្ពស់របស់កាសែត The Washington Post លោក Will Lewis នឹងចុះចេញពីតំណែងភ្លាមៗ ពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកាសែតដ៏ល្បីល្បាញដែលគ្រប់គ្រងដោយមហាសេដ្ឋី Jeff Bezos បានប្រកាសកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន AFP បានបង្ហាញឲ្យដឹងថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Lewis កន្លងមកបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងសំណាក់អ្នកអាន និងបុគ្គលិករបស់ស្ថាប័នកាសែតនេះផ្ទាល់ ក្នុងអំឡុងពេលកាន់តំណែងរយៈពេលពីរឆ្នាំរបស់លោកកន្លងមកនេះ នៅពេលដែលក្រុមហ៊ុនហាក់ទទួលរងនូវការខាតបង់ផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ។

លោក Lewis ដែលជាជនជាតិអង់គ្លេស ត្រូវបានជំនួសដោយលោក Jeff D’Onofrio អតីតនាយកប្រតិបត្តិនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Tumblr ដែលបានចូលរួមជាមួយកាសែត Washington Post ក្នុងនាមជាប្រធានផ្នែកហិរញ្ញវត្ថុកាលពីឆ្នាំមុន។នេះបើយោងតាមការប្រកាសរបស់កាសែត។

ជម្រាបជូនថា ការចាកចេញរបស់លោក Lewis បានកើតឡើង បន្ទាប់ពីអ្នកកាសែតរបស់ Washington Post រាប់រយនាក់ រួមទាំងបុគ្គលិកបរទេស ក្នុងស្រុក និងផ្នែកព័ត៌មានកីឡាភាគច្រើនរបស់ខ្លួន ត្រូវបានបញ្ឈប់ពីការងារ នៅក្នុងការកាត់បន្ថយការងារទ្រង់ទ្រាយធំមួយ ដែលបានប្រកាសកាលពីថ្ងៃពុធ សប្តាហ៍មុន។

យ៉ាងណាក៏ដោយ កាសែត The Washington Post មិនបានបង្ហាញពីចំនួនការងារជាក់លាក់ដែលត្រូវបានជម្រុះចោលនោះទេ ប៉ុន្តែបើយោងតាមកាសែត The New York Times បានរាយការណ៍ថា អ្នកកាសែតប្រហែល ៣០០ នាក់ក្នុងចំណោមចំនួនសរុប ៨០០ នាក់ ត្រូវបានបញ្ឈប់ពីការងារ៕​