ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា វាដល់ពេលដែលត្រូវបង្រៀនមេរៀនមួយដល់ប្រទេសកាណាដា អំពីរបៀបធ្វើខ្លួន ពោលគឺក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបរាជ័យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Rueters។

ថ្លែងទៅកាន់បទសម្ភាសមួយកាលពីថ្ងៃទី២៦ ខែសីហា លោក ត្រាំ លើកឡើងថា ៖”ពួកគេគ្មានអ្វីដែលយើងចាំបាច់ត្រូវតែមាននោះទេ ដូច្នេះយើងអាចគ្រប់គ្រងបានដោយគ្មានបញ្ហា។ ខ្ញុំចង់សំដៅថា អាចនឹងមានរឿងមួយចំនួនដែលរំខានបន្តិចបន្តួច ប៉ុន្តែយើងអាចស្វែងរកវាពីកន្លែងផ្សេងទៀតបាន។ វាដល់ពេលដែលត្រូវបង្រៀនកាណាដាថា ពួកគេមិនអាចបន្តប្រព្រឹត្តបែបនេះតទៅទៀតបានឡើយ”។
គួរឲ្យដឹងថា កាលពីថ្ងៃទី២២ ខែសីហា លោក ត្រាំ បានដាក់ពន្ធថ្មីចំនួន ៥០% លើទំនិញនាំចូលពីកាណាដាដែលមានតម្លៃសរុបប្រមាណ ២០ប៊ីលានដុល្លារ ភ្លាមៗបន្ទាប់ពីការចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានបរាជ័យ។ កាណាដា ក៏បានឆ្លើយតបវិញ ដោយការដាក់ពន្ធសងសឹកលើទំនិញនាំចូលពីអាមេរិកដែលមានតម្លៃ ២០ប៊ីលានដុល្លារក្នុងមួយឆ្នាំដូចគ្នា ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៨ ខែកញ្ញា។
មិនតែប៉ុណ្ណោះ នៅក្រោយមក មេសេតវិមានរូបនេះ បានប្រកាសដាក់ពន្ធ ៥០% បន្ថែមទៀតលើរថយន្ត និងគ្រឿងបន្លាស់រថយន្តដែលនាំចូលពីកាណាដា ដោយមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៧ តទៅ។ កាណាដាបានលើកឡើងថា ការបដិសេធរបស់អាមេរិកក្នុងការលើកលែងពន្ធលើដែកថែប/យានយន្តធុនមធ្យម និងធន់ធ្ងន់ គឺជាហេតុផលមួយក្នុងចំណោមហេតុផលដែលភាគីទាំងពីរមិនអាចសម្រេចបានកិច្ចព្រមព្រៀងកាលពីពេលកន្លងទៅ៕

