លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា រយៈពេល ៥ថ្ងៃ ពលករខ្មែរបានវិលត្រឡប់មកកាន់កម្ពុជាវិញប្រមាណជិត ៤០ម៉ឺននាក់ ហើយចំនួននេះនឹងត្រូវកើនឡើងបន្ថែមទៀត ប្រសិនបើការប្រយុទ្ធគ្នានៅតែបន្ត។

ការលើកឡើងបែបនេះរបស់លោកជំទាវ ធ្វើឡើងនៅក្នុងពេលថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ។
ក្នុងឱកាសនោះ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា «យោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា រហូតមកដល់ថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២៥ ពលករខ្មែរបានវិលត្រឡប់ពីប្រទេសថៃវិញមានចំនួនប្រមាណ ២០៣ ៧០៦ នាក់ ដោយឡែកកាលពីថ្ងៃម្សិលមិញមានពលរដ្ឋខ្មែរចំនួន ១២០ ៤៣៨ នាក់ដែលបានវិលចូលប្រទេសកម្ពុជាវិញ»។
លោកជំទាវបន្ដថា នៅថ្ងៃនេះ យើងរំពឹងថានឹងមានពលករវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាប្រមាណជាង ១៥ម៉ឺននាក់។ ដូច្នេះក្នុងរយៈពេល ៥ ថ្ងៃនេះ ពលករខ្មែរបានវិលត្រឡប់មកកាន់កម្ពុជាវិញប្រមាណជិត ៤០ ម៉ឺននាក់ ហើយចំនួននេះនឹងត្រូវកើនឡើងបន្ថែមទៀត ប្រសិនបើការប្រយុទ្ធគ្នានៅតែបន្ត៕








