ព្រះមហាក្សត្រថៃ Maha Vijiralongkorn ដែលល្បីល្បាញខ្លាំងដោយសារតែមានរបៀបរស់នៅបែបស៊ីវិល័យ និងមានរឿងអាស្រូវរាប់មិនអស់ផងនោះ ក៏ទទួលបានងារជាស្តេចដែលមានទព្យសម្បត្តិច្រើនជាងគេលើពិភពលោក ផងដែរ ដោយមានចំនួនសរុបប្រមាណ ៤៣ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន បានរាយការណ៍ថា ចំណែកដ៏ធំបំផុតមួយនៃទ្រព្យសម្បត្តិដ៏ច្រើនរបស់ស្តេចអង្គនេះ ទទួលបានពីការកាន់កាប់អចលនទ្រព្យ ដែលគ្រប់ដណ្តប់លើផ្ទៃដីជាង ៦ ៥៦០ ហិកតា និងកិច្ចព្រមព្រៀងជួលជាង ៤០ ០០០ កន្លែងផ្សេងទៀត ជាមួយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ នៅទូទាំងប្រទេស។
ទន្ទឹមនឹងនេះ យោងតាមទស្សនាវដ្តី Fortune បានរាយការណ៍ថា គ្រាន់តែការកាន់កាប់អចលនទ្រព្យរបស់ព្រះអង្គ នៅតែក្នុងទីក្រុងបាងកក មានតម្លៃសរុបជាង ៣០ពាន់លានដុល្លារ ឯណោះ។
ប្រភពដដែលក៏បានរាយការណ៍ទៀតផងដែរថា ក្រៅតែពីអចលនទ្រព្យ ស្តេច Vijiralongkorn នៅមានអាជីវកម្មសំខាន់ៗជាច្រើនទៀតផងដែរ។

ព្រះអង្គកាន់កាប់ជាង ២៣% នៃធនាគារ Siam Comercial Bank ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសថៃ កីដជាមានភាគហ៊ុនច្រើនជាង ៣៣% នៅក្នុងក្រុមហ៊ុន Siam Cement Group (SCG) ដែលជាក្រុមហ៊ុនឧស្សាហកម្មដ៏ធំបំផុតរបស់ប្រទេសថៃ។ ភាគហ៊ុននៅក្នុងអាជីវកម្មធំៗទាំងពីរនេះ រួមបញ្ចូលគ្នា ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃប្រហែល ៩ពាន់លានដុល្លារ។
បន្ថែមពីនេះ ស្តេច Vijiralongkorn ក៏ជាម្ចាស់ក្រុមហ៊ុន Siam Bioscience ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca ផ្តាច់មុខ នៅក្នុងប្រទេសថៃ។
យោងតាមសារព័ត៌មាន The Financial Express បានឲ្យដឹងទៀតថា ព្រះអង្គ ក៏មានយន្តហោះ ៣៨ គ្រឿង រថយន្តទំនើបៗផុតលេខ ខ្ទង់ ៣០០ គ្រឿង ទូកជាង ៥០ គ្រឿង រួមទាំងត្បូង និងគ្រឿងពេជ្រ ជាច្រើនប្រភេទរាប់មិនអស់៕

