យោងតាមកាសែតរដ្ឋ Tuoi Tre បានរាយការណ៍ថា រដ្ឋាភិបាលវៀតណាម បានអនុម័តផែនការវិនិយោគដ៏មួយដែលមានតម្លៃរហូតដល់ទៅ ១,៥ពាន់លានដុល្លារ របស់ក្រុមហ៊ុន Trump Organization ដែលជារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងដៃគូស្រុក សម្រាប់ការអភិវឌ្ឍទីលានវាយកូនហ្គោល សណ្ឋាគារ និងគម្រោងអចលនទ្រព្យ។
គម្រោងដ៏ធំនេះ នឹងត្រូវលាតសន្ធឹងលើផ្ទៃដី ៩៩០ ហិចតា ដោយក្នុងនោះនឹងមានទីលានវាយកូនហ្គោល រមណីយដ្ឋាន សណ្ឋាគារ និងគម្រោងលំនៅដ្ឋានបែបទំនើប។ កាសែត Tuoi Tre បាននិយាយទៀតថា ការវិនិយោគនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅត្រីមាសនេះ ហើយដំណើរការរហូតដល់ត្រីមាសទីពីរនៃឆ្នាំ២០២៩ ដោយផ្អែកទៅលើឯកសារដែលត្រូវបានចុះហត្ថលេខា ដោយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ។
គួរឲ្យដឹងផងដែរថា គម្រោងនេះ គឺត្រូវបានស្នើឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក Kinhbac City និង Trump Organization ដែលជាក្រ៊ុមហ៊ុនវិនិយោគពហុវិស័យរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលត្រូវបានប្រកាសដំបូងកាលពីខែតុលា មកម្លេះ។
ជម្រាបជូនថា ការអនុម័តនេះ បានកើតឡើងចំពេលដែលការចរចាពាណិជ្ជកម្មរវាងវៀតណាម និងសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើង ខណៈពេលដែលប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំបំផុតមួយក្នុងតំបន់នោះ កំពុងស្វែងរកការចៀសវាងពន្ធគយនាំចូល ៤៦% ពីសហរដ្ឋអាមេរិក៕