សហរដ្ឋអាមេរិក សង្ឃឹមថា កម្ពុជានិងថៃ គោរពសេចក្តីប្រកាសពីបទឈប់បាញ់

សង្គម​ និង​សេដ្ឋកិច្ច

សហរដ្ឋអាមេរិក រំពឹងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃ នឹងគោរពសេចក្តីប្រកាសពីបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នានៅប្រទេសម៉ាឡេស៊ី ថានឹងបញ្ឈប់ការបាញ់ នៅវេលាម៉ោង១២ យប់នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ របស់លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក នៅព្រលប់ថ្ងៃទី២៨ ខែកក្កដានេះ ដូចខាងក្រោម៖

“បទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ

ថ្ងៃទី 28 ខែ កក្កដា 2025 

សហរដ្ឋអាមេរិក សាទរចំពោះការប្រកាសពីបទឈប់បាញ់ រវាងប្រទេសកម្ពុជា និងថៃ ដែលបានប្រកាសនៅថ្ងៃនេះ នាទីក្រុងកូឡាឡាំពួរ។ លោកប្រធានាធិបតី Trump និងខ្ញុំ ប្តេជ្ញាបញ្ឈប់អំពើហិង្សាជាបន្ទាន់ ហើយរំពឹងថារដ្ឋាភិបាលនៃប្រទេសកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ។ យើងសូមកោតសរសើរចំពោះនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ចំពោះភាពជាអ្នកដឹកនាំរបស់លោក និងរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាទាំងនេះ។ យើងសូមអំពាវនាវដល់គ្រប់ភាគី ឱ្យអនុវត្តតាមការប្តេជ្ញាចិត្តរបស់ពួកគេ ហើយសហរដ្ឋអាមេរិក នឹងបន្តចូលរួមក្នុងដំណើរការនេះដែលរៀបចំដោយសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ដើម្បីបញ្ចប់ជម្លោះ”។

សូមជម្រាបថា នារសៀលថ្ងៃទី២៨ ខែកក្កដានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅកាន់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចូលរួមកិច្ចប្រជុំពិសេស ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា និងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ក្រោមកិច្ចសម្របសម្រួលពីប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ ប្រទេសអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងនៃប្រទេសចិន។

ជាលទ្ធផល បទឈប់បាញ់រវាងកម្ពុជា និងថៃ យល់ព្រមដោយគ្មានលក្ខខណ្ឌ ចាប់ពីម៉ោង១២ នាកណ្តាលអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះតទៅ៕