សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា សមិទ្ធផលនៃគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ លោក ដូណាល់ ត្រាំ គឺបានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ពីសង្រ្គាមកម្ពុជានិងថៃ។

សម្តេចតេជោ បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថា៖«ជាដំបូងខ្ញុំសូមអរគុណចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើមគំនិតដ៏ប្រពៃបង្កើតឲ្យមានបទឈប់បាញ់ និងសន្តិភាពរវាង កម្ពុជា និងថៃ ដែលគំនិតនេះគឺជាសមិទ្ធផលដ៏អស្ចារ្យបានជួយសង្រ្គោះជីវិតមនុស្សយ៉ាងច្រើនទាំងនៅកម្ពុជា និងថៃ។ ហើយក៏សូមអរគុណដល់ ឯកឧត្តមនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី អាន់វ៉ា អ៉ីប្រាហ៉ីម ដែលបានជួយរៀបចំទីកន្លែងកិច្ចប្រជុំ និងបង្កើតឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់នេះ ដែលកិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាពនេះ កំពុងទទួលបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាព»។
ទន្ទឹមគ្នានេះ សម្តេចតេជោ ក៏បានអរគុណចំពោះមិត្តចិនដែលបានចូលរួមជួយ និងសូមអរគុណបណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានគាំទ្រនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងសូមអរគុណប្រជាជនកម្ពុជា និងប្រជាជនថៃ សូមអរគុណចំពោះកងទ័ពកម្ពុជា ព្រមទាំងកងទ័ពថៃ ដែលបានគាំទ្រដល់ដំណើរការសន្តិភាពមួយនេះ។
សូមជម្រាបថា ការលើកឡើងពីប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាពេលនេះ គឺធ្វើឡើងក្រោយកម្ពុជា-ថៃ បានឯកភាពបទឈប់បាញ់» ដោយបានចូលជាធរមាន ចាប់ពីម៉ោង១២យប់នេះតទៅ៕ អត្ថបទ៖ ហ្សាលីន


