ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់​លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រចុះមូលដ្ឋានខេត្តព្រះសីហនុ

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រចុះមូលដ្ឋានខេត្តព្រះសីហនុ នៅទីស្តីការក្រសួង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងរៀបចំដែនដី បានឱ្យដឹងថា សេចក្តីព្រាងផែនការយុទ្ធសាស្ត្រចុះមូលដ្ឋានខេត្តព្រះសីហនុ ជាការរំលីងនូវគោលនយោបាយអាទិភាព និងវិធានគន្លឺះរបស់រាជរដ្ឋាភិបាល គឺទឹក ផ្លូវ ភ្លើង មនុស្ស និងបច្ចេកវិទ្យា ហើយវានឹងក្លាយជាផែនការយុទ្ធសាស្រ្តគម្រូសម្រាប់យកទៅអនុវត្តនៅខេត្តតំបន់ឆ្នេរផ្សេងទៀត។ ការចុះមូលដ្ឋាន គឺត្រូវជួយលើកកម្ពស់ជីវភាពអ្នកមូលដ្ឋាន គិតគូរលើអ្វីដែលមានស្រាប់បង្កើតដង្ហើមសេដ្ឋកិច្ចឱ្យពលរដ្ឋ និងពង្រឹងភាពជាកម្មាភិបាលរបស់មន្ត្រីរាជការ ហើយការចុះមូលដ្ឋាននៅតំបន់ឆ្នេរនេះទៀតសោត គួរផ្តោតលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ឡូជិស្ទីក កំពង់ផែអន្តរជាតិពហុបំណង ការអភិវឌ្ឍន៍ផែសហគមន៍នេសាទ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់ដូចជា ផ្លូវ ចំណតឡាន បន្ទប់ទឹកជាដើម ការចិញ្ចឹមសត្វ ការដាំដុះដំណាំបន្លែបង្កាដែលឆ្លើយតបតម្រូវការចាំបាច់ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំឱ្យត្រូវផ្តោតលើវិស័យអប់រំ និងសុខាភិបាល ដូចជាការរៀបចំសាលារៀនឱ្យជាសាលារៀនកម្ពុជា បណ្តុះធនធានមនុស្ស និងរៀបចំលំហសាធារណៈ បង្កលក្ខណៈអោយមនុស្សហាត់ប្រាណ ទទួលទានអាហារគ្រប់គ្រាន់ និងមានជីវជាតិ និងអប់រំផ្សព្វផ្សាយបញ្ចៀសពួកគាត់ពីការទទួលទានអាហារភេសជ្ជៈដែលបង្កជាជំងឺទូទៅ និងជំងឺរ៉ាំរ៉ៃដែលជាការខាតបង់របស់ជាតិ និងប្រជាជន។