ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា លោកបានណែនាំឲ្យក្រុមពាណិជ្ជកម្មរបស់លោក ឲ្យបន្តការចរចាលើពន្ធគយជាមួយប្រទេសថៃ និងកម្ពុជាឡើងវិញ បន្ទាប់ពីប្រទេសទាំងពីរ បានព្រមព្រៀងលើបទឈប់បាញ់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមរយ:សារមួយបង្ហោះលើបណ្តាញសង្គម Truth Social លោក ត្រាំ បានសរសេរថា៖” ខ្ញុំទើបតែបាននិយាយជាមួយនាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ និងនាយករដ្ឋមន្ត្រីកម្ពុជា។ ខ្ញុំបាននណែនាំឲ្យក្រុមពាណិជ្ជកម្មរបស់ខ្ញុំឲ្យចាប់ផ្តើមដំណើរការកិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសទាំងពីរ”។
ប្រមុខដឹកនាំ កម្ពុជា និងថៃ បានសម្រេចឯកភាពលើកិច្ចចរចាបទឈប់បាញ់គ្នា លើបទឈប់បាញ់ ដោយគ្មានលក្ខណ្ឌ ដែលនឹងចាប់អនុវត្តពីម៉ោង ១២ យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះតទៅ ក្នុងអំឡុងកិច្ចប្រជុំពិសេសមួយរៀបចំធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានការសម្របសម្រួលពីនាយករដ្ឋមន្ត្រី លោក Anwar Ibrahim និងចូលរួមដឹងលឺដោយប្រទេសមហាអំណាចចិន និងអាមេរិក ផងដែរ។
ហើយចំពោះកិច្ចចរចាឈប់បាញ់គ្នារវាងភាគីទាំងពីរនេះ គឺត្រូវបានកើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឲ្យមេដឹកនាំកម្ពុជា និងថៃ ចរចាគ្នាលើបទឈប់បាញ់គ្នាជាបន្ទាន់។
សូមជម្រាបថា ថៃ និងកម្ពុជា ត្រូវបានលោក ត្រាំ កំណត់ដាក់ពន្ធក្នុងអត្រា ៣៦% ដូចគ្នា ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី១ ខែសីហាខាងមុខ។ ហើយនៅមុនការសម្រេចបាននូវបទឈប់បាញ់នេះ លោក ត្រាំ ក៏ធ្លាប់បានគំរាមរួចហើយថា អាមេរិក នឹងមិនចរចាដាច់ខាត ហើយនឹងបន្តដាក់ពន្ធគយខ្ពស់ បើប្រទេសទាំងពីរមិនបញ្ឈប់ជម្លោះទេនោះ៕

