តម្លៃប្រាក់ដុល្លារអាមេរិក ត្រូវបានគេរាយការណ៍ថាបានធ្លាក់ចុះជិត ១០% នៅឆ្នាំនេះ ពោលគឺជាកម្រិតដ៏ទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយ ដោយសារតែការប្រែប្រួលពីពន្ធនាំចូល និងកត្តាអត្រាការប្រាក់ នៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គិតនៅត្រឹមថ្ងៃទី២៤ ខែធ្នូ សន្ទស្សន៍ប្រាក់ដុល្លារ ដែលជារង្វាស់នៃភាពរឹងមាំរបស់ប្រាក់ដុល្លារធៀបទៅនឹងរូបិយប័ណ្ណសំខាន់ៗ បានធ្លាក់ចុះដល់ ៩៧,៧ ពិន្ទុ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជិតបីខែចុងក្រោយ។ ហើយបើគិតចាប់តាំងពីដើមឆ្នាំនេះមក សន្ទស្សន៍ប្រាក់ដុល្លារ បានធ្លាក់ចុះអស់ ៩,៩% ដែលឆ្ពោះទៅរកការធ្លាក់ចុះខ្លាំងបំផុត គិតចាប់តាំងពីឆ្នាំ២០០៣ មក។
គួរឲ្យដឹងថាប្រាក់ដុល្លារអាមេរិកបានជួបប្រទះនឹងការប្រែប្រួលគួរឲ្យកត់សម្គាល់នៅឆ្នាំ២០២៥ នេះ។ ពន្ធនាំចូលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីដើមឆ្នាំនេះ បានបង្កឲ្យមានវិបត្តិទំនុកចិត្តលើទ្រព្យសកម្មរបស់សហរដ្ឋអាមេរិក។
លើសពីនេះ ការប៉ុនប៉ងរបស់លោក ត្រាំ ដើម្បីជះឥទ្ធិពលដល់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដើម្បីទម្លាក់អត្រាការប្រាក់ ក៏បានបង្កើនការព្រួយបារម្ភអំពីតម្លៃប្រាក់ដុល្លារអាមេរិក ផងដែរ៕

