ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្ពុជា និងក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពគ្នាពិនិត្យលទ្ធភាពក្នុងការបន្តអនុស្សរណៈនៃការយោគយល់គ្នាទាក់ទងនឹងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។

ការឯកភាពគ្នារវាងភាគីទាំងពីរធ្វើឡើងរវាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក យាន ឈីងហ៊ុយ (YAN Qinghui) អនុរដ្ឋមន្រ្តីក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
នាឱកាសនោះ លោក ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងគ្រប់កម្រិត ដែលសម្រេចបាននូវសហគមន៍ជោគវាសនារួមនៅគ្រប់រដូវកាល ដែលត្រូវបានអនុវត្តនៅគ្រប់កម្រិត ទាំងកម្រិតរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី និងខេត្ត។
លោកបានសង្កត់ធ្ងន់ថា ដើម្បីរួមចំណែកដល់ការបន្តពូនជ្រំនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងរឹងមាំ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃប្រទេសចិន គួរតែពិនិត្យលទ្ធភាពក្នុងការបន្តនូវអនុស្សរណៈនៃការយោគយល់គ្នាទាក់ទងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។

លោក ហេង សួរ បានបញ្ជាក់ថា៖«ខ្ញុំទន្ទឹងរង់ចាំបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតទៅលើវិស័យការងារ សន្ដិសុខសង្គម និងជាពិសេសលើវិស័យបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ»។
ជាការឆ្លើយតប លោក យាន ឈីងហ៊ុយ (YAN Qinghui) បានយល់ព្រមក្នុងការពិនិត្យលទ្ធភាពក្នុងការបន្តនូវអនុស្សរណៈនៃការយោគយល់គ្នាទាក់ទងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ខណៈភាគីចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធថែមទៀត៕


