ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញទទួលអំណោយមនុស្សធម៌លើកទី១៥ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ

សង្គម​ និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃអាទិត្យទី២១ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងពុករលួយនៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការសម្របសម្រួលដោយឯកឧត្តម សុខ សំណាង ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា បានសហការទទួលជំនួយមនុស្សធម៌លើកទី១៥ ពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល Global Life Sharing (GLS)នៃសាធារណរដ្ឋកូរ៉េ និងបណ្ដាមិត្តដៃគូ ដែលផ្តល់មក ព្រឹទ្ធសភាកម្ពុជា តាមស្មារតីអនុស្សរណៈនៃការយោគយល់គ្នា រវាងគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងពុករលួយព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល Global Life Sharing (GLS) នៃសាធារណរដ្ឋកូរ៉េ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


មូលនិធិ Global Life Sharing (GLS) បានសហការជាមួយ លោកឧកញ៉ា សុខ សីលា,ភេសជ្ជៈ យ៉ិនសិនកូរ៉េអាឈីម៉ាដាំង(Achimmdang Red Ginseng), E-School Cambodia, OKTAភ្នំពេញ, មជ្ឈមណ្ឌល PGCT, ក្រុមហ៊ុនមេធាវី C.K. ការិយាល័យមេធាវី One Asia Law Firm, ធនាគារ KB Daehan Specialized Bank Plc និងប្រធាន, Nextgen Leaders Network, Global Cambodia Technology Maintenance Company(GCTMC),  Rapha Clinic បានផ្តល់ការបរិច្ចាគនូវថ្នាំពេទ្យ, សម្ភារវេជ្ជសាស្ត្រ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារៈជួយសង្គ្រោះផ្សេងៗ ដែលមានតម្លៃប្រមាណជាង ពីរលាន ប្រាំមួយសែនដុល្លារសហរដ្ឋអាមេរិក  តាមរយៈព្រឹទ្ធសភាកម្ពុជា ដើម្បីចូលរួមលើកកកម្ពស់សុខុមាលភាពវីរៈយុទ្ធជនការពារព្រំដែន និងជនភៀសសឹក ទាំងនៅក្នុងខេត្តរងការឈ្លានពានពីភាគីថៃ និងប្រជាជនងាយរងគ្រោះនៅតាមបណ្តាខេត្តផ្សេងៗទៀត។
 
សូមរំលឹកថា មូលនិធិចែករំលែកសង្គ្រោះជីវិតសកល (GLS) បានចុះហត្ថលេខាលើដំបូងលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រយៈពេល ៥ឆ្នាំ ជាមួយនឹងគណៈកម្មការទី១០ ព្រឹទ្ធសភាកម្ពុជា ក្នុងឆ្នាំ ២០២២ ដោយមានចំនួនទឹកប្រាក់ស្មើនឹង ១០លានដុល្លារសហរដ្ឋអាមេរិក។ បន្ទាប់មកក្នុងឆ្នាំ២០២៤ អនុស្សរណៈនេះត្រូវបានពង្រីក និងបន្តថែមឡើងចំនួន ៥ឆ្នាំទៀត ដែលមានទឹកប្រាក់សរុបចំនួន ៥០លានដុល្លារសហរដ្ឋអាមេរិក ក្នុងកិច្ចបង្កើនការសហការទ្វេភាគីដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ឱ្យបានកាន់តែប្រសើរឡើង៕