ថ្ងៃនេះ ថ្នាក់ដឹកនាំអាស៊ាន បន្តកិច្ចប្រជុំកំពូលចំនួនពីរទៀត

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃអាទិត្យ ទី១៣ វិច្ឆិកានេះ មេដឹកនាំអាស៊ាន ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ាន បានចូលរួមកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចសន្ទនាអាស៊ានជាសាកល មានការយាង និងអញ្ជើញចូលរួមពីសំណាក់មេដឹកនាំរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា ព្រមទាំងថ្នាក់ដឹកនាំអង្គការសកល ដទៃផ្សេងទៀត។ រីឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នឹងមានការយាង និងអញ្ជើញចូលរួមពីសំណាក់មេដឹកនាំអាស៊ាន ជាមួយមេដឹកនាំបណ្តាប្រទេសដៃគូអាស៊ានផ្សេងទៀត។

តាមកម្មវិធី ដែលបានគ្រោងទុក នៅមុនពេលអាហារថ្ងៃត្រង់ នាថ្ងៃក៏នឹងមានពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន នឹងប្រគល់ញញួរជូនប្រធានាធិបតីឥណ្ឌូនេស៊ី ដើម្បីបន្តវេន ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២៣។

ជាមួយគ្នា នៅរសៀលម៉ោង ៣ និង៤០នាទី ថ្ងៃអាទិត្យ ទី១៣វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទកាសែត ប្រកាសបូកសរុបលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នាពេលនេះ។