ហេតុអ្វីបានជារដ្ឋាភិបាល ចាំបាច់ត្រូវរៀបចំគោលនយោបាយសេដ្ឋកិច្ច?

សង្គម​និង​សេដ្ឋកិច្ច

គោលនយោបាយសេដ្ឋកិច្ច ត្រូវបានរដ្ឋាភិបាលរៀបចំឡើងអនុវត្តប្រតិបត្តិការសេដ្ឋកិច្ចឲ្យស្របជាមួយតម្រូវការនៃស្ថានភាពសេដ្ឋកិច្ចជាតិ និងសកលនាពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងការអភិវឌ្ឍជាតិមួយដ៍រឹងមាំ រដ្ឋាភិបាលប្រទេសនីមួយៗ តែងតែរៀបចំនយោបាយសេដ្ឋកិច្ច ដើម្បីធានាដល់ការគ្រប់គ្រង និងត្រួតពិនិត្យរបស់រដ្ឋាភិបាលទៅលើប្រព័ន្ធសេដ្ឋកិច្ច ដោយសិក្សាពីការកំណត់លើអត្រាពន្ធ ការកំណត់ច្បាប់ថវិកាជាតិ ការគ្រប់គ្រងរូបិយវត្ថុ ការត្រួតពិនិត្យអត្រាការប្រាក់ និងបូករួមទាំងទីផ្សារពលកម្ម និងការគ្រប់គ្រងលើទ្រព្យសម្បត្ដិជាតិប្រកបដោយប្រសិទ្ធភាពជាដើម។

សាស្រ្តាចារ្យនៃសាកលវិទ្យាល័យឯកជនម្នាក់ នៅក្រុងភ្នំពេញ បានឲ្យដឹងថា ជាទូទៅនៅក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច សេដ្ឋវិទូឬអ្នករៀបចំគោលនយោបាយតែងតែប្រើប្រាស់គោលនយោបាយចំនួន៣ធំៗ នៅក្នុងការធ្វើអន្ដរាគមន៍ទៅលើទីផ្សារ គឺ ទី១ គោលនយោបាយសារពើពន្ធ សំដៅដល់ការប្រែប្រួលនៃការចំណាយ និងការរកចំណូលពន្ធរបស់រដ្ឋាភិបាល។ ទី២ គោលនយោបាយរូបិយវត្ថុ សំដៅដល់ការប្រែប្រួលនៃការផ្គត់ផ្គង់រូបិយវត្ថុ(លុយ) នៅក្នុងទីផ្សារ។ គោលដៅសំខាន់ទៀតនោះ គឺធ្វើឲ្យមានការប្រែប្រួលនៃអត្រាការប្រាក់ និងកម្រិតអតិផរណា។ ទី៣ គោលនយោបាយផ្នែកផ្គត់ផ្គង់ ដែលសំដៅការធ្វើឲ្យមានការកើនឡើងនៃសមត្ថភាពផលិតកម្មនៅក្នុងសេដ្ឋកិច្ច។

លោកថា គោលនយោបាយសារពើពន្ធបង្ហាញពីរបៀបដែលរាជរដ្ឋាភិបាលរកប្រាក់ចំណូលពីការប្រមូលពន្ធ ចំណាយប្រាក់ចំណូលទៅលើការចំណាយសាធារណៈ និងការវិនិយោគ និងបង្កើតថវិកាដោយប្រើការប៉ាន់ស្មានចំណូល និងចំណាយ។ ទោះបីជា យ៉ាង ណា ក៏ដោយ ពេលដែរសេដ្ឋកិច្ចកើនឡើងហើយ ទុកឲ្យពន្ធនៅទាប និងចំណាយច្រើនអាចធ្វើឲ្យមានអតិផរណាខ្ពស់។ ដូច្នេះ រាជរដ្ឋាភិបាលអាចសំរេចចិត្តដំឡើងពន្ធ និងបន្ថយចំណាយដើម្បីពន្យឺតកំណើន និងគ្រប់គ្រងអតិផរណា។ លើសពីនេះទៀតពន្ធនិងការចំណាយអាចត្រូវបានប្រើដើម្បីគ្រប់គ្រងតម្រូវការនិងកំណើននៅផ្នែកណាមួយនៃសេដ្ឋកិច្ច។

លោកបន្តថា នៅក្នុងគោលនយោបាយហិរញ្ញវត្ថុ ត្រូវបានបង្កើតដោយធនាគារកណ្ដាលរបស់ប្រទេសដើម្បីគ្រប់គ្រងតម្លៃហិរញ្ញវត្ថុជាតិ។ ធនាគារកណ្ដាលគ្រប់គ្រងតម្រូវការនិងការផ្គត់ផ្គង់ជាមួយនឹងគោលបំណងសំរេចគោលដៅម៉ាក្រូសេដ្ឋកិច្ចភ្ជាប់ជាមួយគោលនយោបាយសារពើពន្ធ និងរក្សាអត្រាប្ដូរប្រាក់ជាមួយរូបិយវត្ថុបរទេស។

លើសពីនេះ ក៏គ្រប់គ្រងនឹងការកើនឡើងនៃការផ្គត់ផ្គង់រូបិយវត្ថុតាមរយៈការបន្ថយអត្រាការប្រាក់ ដើម្បីបង្កើនកម្ចី ក្នុងគោលដៅបង្កើនការប្រើប្រាស់ ការវិនិយោគ និងជំរុញឲ្យមានការនាំចេញ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនជាសេដ្ឋកិច្ចពង្រីកធំហួសកម្រិតធនាគារកណ្ដាលអាចមានគោលបំណងបន្ថយកំណើនសេដ្ឋកិច្ចដើម្បីបន្ថយការផ្គត់ផ្គង់រូបិយវត្ថុ។ ដូច្នេះ រូបិយវត្ថុអាចនឹងពិបាករក និងកើនតម្លៃ។ អត្រាការប្រាក់ខ្ពស់ខ្លាំង អាចធ្វើឲ្យប្រាក់កម្ចីមានតម្លៃថ្លៃជាងមុន និងធ្វើឲ្យអាជីវកម្ម និងបុគ្គលម្នាក់ៗមិនចង់ខ្ចីប្រាក់។

សម្រាប់ គោលនយោបាយផ្នែកផ្គត់ផ្គង់វិញ គឺត្រូវបានធ្វើឡើងក្នុងគោលបំណងជំរុញឲ្យមានការកើនឡើងនៃចំនួនផលិតផល តាមរយៈការធ្វើឲ្យប្រសើរឡើងនៃដំណើរការទីផ្សារ ការជំរុញឲ្យមានការវិនិយោគបន្ថែម ការសិក្សាស្រាវជ្រាវ ការប្រើប្រាស់បច្ចេកវិទ្យាជំនួយការផលិតជាដើម៕