ឧកញ៉ា លី ឆេង ផ្តល់អាហារូបករណ៍ពិសេស ១០០% រយៈពេល ១២ឆ្នាំ ដល់ចៅប្រុសបង្កើត ៣នាក់ របស់វីរយុទ្ធជនពលី ឧត្តមសេនីយ៍ឯក ដួង សំនៀង នៅសាលា ប៊ែលធី អន្តរជាតិ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា លី ឆេង ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជួបសំណេះសំណាលជាមួយអ្នកស្រី អ៊ុក ស៊ុនរ៉ានី ដែលត្រូវជាភរិយា និងក្រុមគ្រួសាររបស់វីរយុទ្ធជន ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់កងទ័ពថៃ កាលពីថ្ងៃទី២៤ – ២៨ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះដែរ លោកឧកញ៉ា បានប្រគល់ប័ណ្ណអាហារូបករណ៍ពិសេស ១០០% សិក្សារយៈពេល ១២ឆ្នាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ជូនដល់ចៅៗចំនួន ៣នាក់ រួមមាន៖ ១-ឈ្មោះ សំនៀង វឌ្ឍនៈ ២-ឈ្មោះ សំនៀង សិរីវឌ្ឍន៍ និង ៣-ឈ្មោះ យី សំនៀងបញ្ញាវ័ន្ត ដែលត្រូវជាចៅបង្កើតរបស់វីរយុទ្ធជន ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ឱ្យមានឱកាសបានមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ មួយចប់កម្មវិធីសិក្សា ទាំងថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១ ដល់ ថ្នាក់ទី១២) និងភាសាអង់គ្លេសទូទៅ (Starter ដល់ Level 12)។

ចំពោះ អាហារូបករណ៍ពិសេស នេះ រួមមាន៖
១-អាហារូបករណ៍ ១០០% សិក្សាមួយចប់កម្មវិធីទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ
២-ឯកសណ្ឋានថ្នាក់ចំណេះទូទៅ ចំនួន ២កំប្លេ និងអាវយឺត ចំនួន ១ ជារៀងរាល់ឆ្នាំ
៣-អាវយឺតថ្នាក់ភាសាអង់គ្លេស ចំនួន ២ ជារៀងរាល់វគ្គ
៤-សៀវភៅពុម្ភសិក្សាថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ១ឈុត ជារៀងរាល់វគ្គ/ឆ្នាំ
៥-កញ្ចប់កម្មវិធីសិក្សាបន្ថែមថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ជារៀងរាល់វគ្គ/ឆ្នាំ។

ជាមួយគ្នានោះដែរ លោកឧកញ៉ា លី ឆេង ក៏បានចូលបច្ច័យមួយចំនួន និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពចំពោះការពលីរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង។ ការពលីរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឺជាការបាត់បង់នូវមេទ័ពដែលពោរពេញដោយសមត្ថភាព បទពិសោធន៍ និងប្រកបដោយភាពក្លាហាន ដែលហ៊ានលះបង់គ្រប់បែបយ៉ាង សូម្បីអាយុជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងទឹកដីរបស់យើងឱ្យបានគង់វង្សសម្រាប់កូនខ្មែរជំនាន់ក្រោយគ្រប់ៗជំនាន់តរៀងទៅ។ ជាពិសេស គឺជាការបាត់បង់នូវ ឧត្តមស្វាមី និងលោកឪពុក-លោកតា ប្រកបដោយព្រហ្មវិហារធម៌ ដែលតែងតែចិញ្ចឹមបីបាច់ ថែរក្សា និងទំនុកបម្រុងក្រុមគ្រួសារគ្រប់ពេលវេលាដោយមិនគិតពីការនឿយហត់។

សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕