អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹក ៦គោលដៅ ៤,៩៨៣គ្រួសារក្នុងខេត្តព្រះវិហារ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តដឹកនាំក្រុមការងាររៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹក ៦គោលដៅ ចំនួន ៤,៩៨៣គ្រួសារ ស្មើ ១៦,៧៩៨នាក់ ក្នុងខេត្តព្រះវិហារ ដែលជម្លៀសពីសមរភូមិក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការបង្ហោះលើផេកយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមផេកយុវជនបូជាការពារយុត្តិធម៌ ការរៀបចំផ្គត់ផ្គង់ម្ហូបអាហារហូបចុកជូនប្រជាពលរដ្ឋភៀសសឹក ៦គោលដៅខាងលើ ធ្វើឡើងក្រោមកិច្ចសហការរវាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ 

សូមជម្រាបជូនថា ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ដែលទាហានថៃចូលឈ្លានពានកម្ពុជាមក ហើយមានប្រជាពលរដ្ឋស្លូតត្រង់រាប់ម៉ឺនគ្រួសារ រាប់ម៉ឺននាក់ បានជម្លៀសមកកាន់ទីសុវត្ថិភាព ដែលគិតមកត្រឹមថ្ងៃទី២៥ ខែសីហានេះ គឺមានរយៈពេល ១ខែហើយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមយុវជនរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

បើទោះជាយើងមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បាននឹងកំពុងបន្តផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹករបស់យើងចំនួន ៦គោលដៅក្នុងខេត្តព្រះវិហារ ដោយរង់ចាំពេលវេលាដែលរាជរដ្ឋាភិបាលអនុញ្ញាតិឲ្យត្រឡប់ទៅកាន់លំនៅឋានវិញនាពេលដ៏ឆាប់ខាងមុខ៕