រដ្ឋមន្រ្តីសេដ្ឋកិច្ច៖កម្ពុជា កំពុងបោះជំហានទៅរកស្ថានភាពល្អប្រសើរ ដូចពេលមុនវិបត្តិនៃជំងឺកូវីដ-១៩

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យកម្ពុជាមានសមត្ថភាពគ្រប់គ្រងសភាពការណ៍ទល់នឹងវិបត្តិនានាបានយ៉ាងល្អប្រសើរ ខណៈបច្ចុប្បន្ន កម្ពុជា កំពុងបោះជំហានទៅរកស្ថានភាពល្អប្រសើរ ដូចពេលមុនវិបត្តិនៃជំងឺកូវីដ-១៩ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការលើកឡើងរបស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ថ្លែងក្នុងពិធីបើក «សប្តាហ៍គាំពារសង្គម ២០២៣» នៅសណ្ឋាគារសុខាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា កម្ពុជាមានសមត្ថភាពគ្រប់គ្រងសភាពការណ៍ទល់នឹងវិបត្តិនានាបានយ៉ាងល្អប្រសើរ និងបានកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ឱ្យនៅក្នុងកម្រិតអាចគ្រប់គ្រងបាន តាមរយៈការដាក់ចេញនូវវិធានការ អន្តរាគមន៍ចាំបាច់ទាំងក្នុងផ្នែកបច្ចេកទេស និងផ្នែកសង្គម-សេដ្ឋកិច្ច ជាបន្តបន្ទាប់ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់ ។

ជាក់ស្តែង រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា ក្នុងឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជាមាន កំណើនប្រមាណ ៥,២% ដែលជាកំណើនមួយខ្ពស់ បើធៀបនឹងកំណើនមធ្យមក្នុងតំបន់ និងត្រូវបានព្យាករថា នឹងសម្រេចបានកំណើនប្រមាណ ៥,៦% ក្នុងឆ្នាំ ២០២៣។

ឯកឧត្តអះអាងថា៖« និន្នាការខាងលើនេះ គឺបានបង្ហាញថា កម្ពុជាបាន និង កំពុងបោះជំហានទៅរកស្ថានភាពល្អប្រសើរ ដូចពេលមុនវិបត្តិនៃ ជំងឺកូវីដ-១៩ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលនៅមានភាពស្រពិចស្រពិល ដោយសារការបន្តអូសបន្លាយនៃវិបត្តិនៅលើឆាកអន្តរជាតិក៏ដោយ»។

គួរបញ្ចាក់ថា ទន្ទឹមនឹងការងើបឡើងនៃស្ថានភាពសេដ្ឋកិច្ចជាទូទៅនេះ ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម នៅកម្ពុជា ក៏បានបន្តបោះជំហានទៅមុខយ៉ាងប្រសើរផងដែរ ខណៈឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា វឌ្ឍនភាពដែលយើងសម្រេចបានទាំងនេះ កើតឡើងដោយការខិតខំរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាមួយនឹងការផ្តល់ជំនួយបច្ចេកទេសរបស់ដៃគូអភិវឌ្ឍន៍ ក៏ដូចជាការចូល រួមចំណែករបស់គ្រប់ភាគីពាក់ព័ន្ធ ក្រោមការចង្អុលបង្ហាញដោយផ្ទាល់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលសម្តេច តែងតែចាត់ទុកការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាគោល- នយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល នាពេលកន្លងទៅ, ក្នុងបច្ចុប្បន្ន និងសម្រាប់អនាគត៕

អត្ថបទ៖​ពិសី