ភ្នំពេញ៖ ពិព័រណ៍ឧស្សាហកម្មវិស័យទឹកស្អាត២០២៥ និង សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជានារសៀលថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីជំរុញអនាគតទឹកស្អាតនៅកម្ពុជានៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។
តាមរយៈMoUនេះ ពិព័រណ៍ CAMWATER, CAMBUILD និង CAMAUTO ឆ្នាំ២០២៥ រួបរួមគ្នាដើម្បីជំរុញនវានុវត្តន៍ និងពន្លឿនការរីកចម្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនិង ទឹកស្អាត។

លោក Gerard Leeuwenburgh អ្នកគ្រប់គ្រង់ទូទៅប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជា នៃក្រុមហ៊ុន Informa Markets បានមានប្រសាសន៍ថា «កិច្ចសហប្រតិបត្តិការនេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់វិស័យទឹកស្អាតនៅកម្ពុជា។ តាមរយៈវេទិកាពិព័រណ៍របស់យើងជាមួយនឹងអ្នកជំនាញនិងបណ្តាញរបស់សមាគមផ្គត់ផ្គង់ទឹកកម្ពុជា យើងកំពុងបង្កើតឱកាសដែលមិនធ្លាប់មានពីមុនមកសម្រាប់នវានុវត្តន៍ ការវិនិយោគ និងកំណើនប្រកបដោយចីរភាព។»
តាមរយៈកិច្ចសហការដ៏សកម្មនេះពិព័រណ៍ឧស្សាហកម្មវិស័យទឹកស្អាត ២០២៥ នឹងគាំទ្ររបៀបវារៈអភិវឌ្ឍន៍វិស័យទឹករបស់កម្ពុជាដោយពន្លឿនការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតប្រកបដោយចីរភាព បង្ហាញបច្ចេកវិទ្យាជំនាន់ថ្មីសម្រាប់ការប្រព្រឹត្តកម្មទឹក និងការចែកចាយ, គាំទ្រការធ្វើទំនើបកម្មប្រព័ន្ធសាធារណូបភោគនៅតាមតំបន់ទីក្រុង និងជនបទ ,សម្របសម្រួលការបណ្តុះបណ្តាល ការផ្លាស់ប្តូរចំណេះដឹង និងគំនិតផ្តួចផ្តើមកសាងសមត្ថភាព ,បង្កើតកិច្ចសន្ទនារវាងអ្នកបង្កើតគោលនយោបាយ អ្នកគ្រប់គ្រង អ្នកផ្តល់សេវាសាធារណៈនិងអ្នកច្នៃប្រឌិតនិងភ្ជាប់ទំនាក់ទំនងរវាងភាគីពាក់ព័ន្ធកម្ពុជាជាមួយនឹងការអនុវត្តល្អបំផុតអន្តរជាតិ។
អនុស្សរណៈនៃការយោគយល់គ្នារវាងពិព័រណ៍ឧស្សាហកម្មវិស័យទឹកស្អាត២០២៥(CAMWATER2025) និង សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) នេះក៏នឹងបង្កើតអត្ថប្រយោជន៍ជាក់ស្តែង និងរយៈពេលវែងសម្រាប់សហគមន៍ទូទាំងប្រទេសកម្ពុជា តាមរយៈការបង្កើនលទ្ធភាពទទួលបានទឹកស្អាត ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួលនៃអាកាសធាតុ និងការពង្រឹងសមត្ថភាពបច្ចេកទេសរបស់អ្នកប្រតិបត្តិការទឹកក្នុងស្រុក។
គួរជម្រាបថា CAMBUILD ២០២៥ គឺជាពិព័រណ៍អគារ និងសំណង់ដ៏ធំបំផុត និងមានការទទួលស្គាល់ច្រើនបំផុតនៅកម្ពុជា ដែលបង្ហាញនូវដំណោះស្រាយអគារឆ្លាតវៃ និងទំនើបបំផុត សម្ភារៈប្រកបដោយចីរភាព និងនវានុវត្តន៍វិស្វកម្ម។
CAMWATER ២០២៥ ផ្តោតលើការផ្គត់ផ្គង់ទឹកស្អាត ការប្រព្រឹត្តកម្មទឹកកខ្វក់ និងនិរន្តរភាព – ដែលឥឡូវនេះត្រូវបានលើកកម្ពស់ដោយភាពជាដៃគូជាមួយសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា CWA ដើម្បីដោះស្រាយអាទិភាពជាតិក្នុងការទទួលបានទឹកស្អាត និងការធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ។
ចំណែក CAMAUTO ២០២៥ ត្រូវបានជំរុញដល់វិស័យយានយន្ត និងចលនភាព ដោយបង្ហាញនូវបច្ចេកវិទ្យាយានយន្តទំនើប គ្រឿងបន្លាស់ និងគ្រឿងជួសជុលបន្ថែម ដំណោះស្រាយទីផ្សារ និងប្រព័ន្ធដឹកជញ្ជូនដែលចាំបាច់សម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា៕



