ក្រុមហ៊ុនកូរ៉េធំៗចំនួន៥ផ្សេងៗគ្នា ចូលជួបជាមួយលោក ស៊ុន ចាន់ថុល ដើម្បីស្វែងរកឱកាសវិនិយោគ

សង្គម​និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតិឱ្យក្រុមហ៊ុនធំៗមកពីកូរ៉េចំនួន៥ផ្សេងៗគ្នា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនកូរ៉េ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកាលពីព្រឹកថ្ងៃអង្គារថ្ងៃទី២៦ ជាមួយក្រុមហ៊ុនកូរ៉េប្រមាណ១៣ក្រុមហ៊ុនហើយនោះ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនចំនួន៥ផ្សេងៗគ្នាជាបន្តបន្ទាប់ទៀត បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាបន្ថែម។

បើតាមលោកឧបនាយករដ្ឋមន្រ្តី ក្រុមហ៊ុនទាំង៥នោះ រួមមាន៖
១, ក្រុមហ៊ុន Hyundai Motor គឺជាក្រុមហ៊ុនមានអាជីវកម្មផលិតរថយន្តច្រើនប្រភេទ។ក្រុមហ៊ុននេះមានក្រុមហ៊ុនបុត្រសម្ព័ន្ធឈ្មោះ Camko Motor Co., Ltd. ដែលបានវិនិយោគបង្កើតរោងចក្រដំឡើង និងផលិតគ្រឿងបង្គំអគ្គិសនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាងកុក ខេត្តកោះកុង លើទំហំផ្ទៃដីប្រមាណ១៦,៥ហិកតា តាំងពីឆ្នាំ២០០៩។

២, ក្រុមហ៊ុន CJ Group ជាក្រុមហ៊ុនផ្ដល់សេវាកម្មម្ហូបអាហារ, ការកំសាន្តនិងប្រព័ន្ធផ្សព្វផ្សាយ, ភស្ដុភារកម្ម, និងបច្ចេកវិទ្យាជីវសាស្រ្ត(Biotechnology)។ក្រុមហ៊ុននេះជាក្រុមហ៊ុនធំមួយរបស់កូរ៉េខាងត្បូង ដែលបង្កើតផលប័ត្រអាជីវកម្ម (Business portfolio) របស់ខ្លួនដោយផ្តោតទៅលើវិស័យចំនួន ៤គឺវិស័យម្ហូបអាហារ និងសេវាកម្មម្ហូបអាហារ, បច្ចេកវិទ្យាជីវសាស្ត្រ (Biotechnology), ការកំសាន្តនិងប្រព័ន្ធផ្សព្វផ្សាយ, និងការលក់រាយនិងភស្ដុភារកម្ម។បច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងមានដំណើរការអាជីវកម្មរបស់ខ្លួននៅកម្ពុជា លើការវិនិយោគកែច្នៃចំណីសត្វ រួមមានចំណីសត្វជ្រូក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។

៣, ក្រុមហ៊ុន DAEJOO KC Groupជាក្រុមហ៊ុនដែលធ្វើអាជីវកម្មលើឧស្សាហកម្មដែក, ភស្តុភារកម្ម, ឧស្សាហកម្មគីមី, ឧស្សាហកម្មរថយន្តនិងអាកាសចរណ៍, និងឧស្សាហកម្មសំណង់និងថាមពលជាដើម។ក្រុមហ៊ុននេះ មានប្រតិបត្តិការនៅកម្ពុជាតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺក្រុមហ៊ុន CAMKO INFRACORE CO., LTD ដែលបានចុះបញ្ជីពាណិជ្ជកម្មកាលពីឆ្នាំ២០១៦ ដោយមានប្រតិបត្តិការអាជីវកម្មជោគជ័យក្នុងការផ្តល់សេវាថែទាំរថយន្តម៉ាក Hyundai, ការលក់គ្រឿងបន្លាស់រថយន្ត និងការចែកចាយផលិតផលថែរក្សាសម្រស់របស់កូរ៉េ។ បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិកកម្ពុជាចំនួនប្រមាណ ៤០នាក់។

៤, ក្រុមហ៊ុន Booyoung Group ដែលជាក្រុមហ៊ុនបានចូលមកវិនិយោគនៅកម្ពុជាលើវិស័យជាច្រើនរួមមាន វិស័យអចលនទ្រព្យ (សាងសង់ខុនដូ បុរី សណ្ឋាគារ ទីលានវាយកូនហ្គោល) សេវាអប់រំ ទូរគមនាគមន៍ ធនាគារ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។

និង៥, ក្រុមហ៊ុន Maekyung Media Group គឺជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េដែលមានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយតាមរយៈកាសែត, ទូរទស្សន៍, ទស្សនាវដ្ដីប្រចាំសប្តាហ៍ និងប្រចាំខែ, និងកាសែតអេឡិចត្រូនិកផងដែរ។ ក្រុមហ៊ុននេះ នៅពុំទាន់មានសកម្មភាពវិនិយោគនៅប្រទេសកម្ពុជានៅឡើយ។

ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល ក៏បានប្រាប់ដល់ក្រុមហ៊ុនអំពីឱកាសវិនិយោគ សក្ដានុពលរបស់ប្រទេសកម្ពុជា និងការត្រៀមខ្លួនរួចរាល់របស់កម្ពុជាក្នុងការសម្របសម្រួលវិនិយោគិន ដែលទាំងនេះជាធាតុចូលដ៏សំខាន់ ដែលក្រុមហ៊ុនអាចពិនិត្យក្នុងការដាក់ទុកវិនិយោគនៅកម្ពុជា៕