ក្រោយបទឈប់បាញ់”កម្ពុជា-ថៃ”ចូលជាធរមាន កាលពីវេលាម៉ោង២៤ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះពិនិត្យលម្អិតខ្សែផ្លូវក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលខូចខាតដោយគ្រាប់ថ្លោងទាហានថៃ និងត្រៀមជួសជុលឲ្យបានទាន់ពេលវេលា។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ផន រឹម បានបន្តថា ក្នុងចំណោមកំណាត់ផ្លូវសរុប៩ខ្សែ ដែលបានត្រួតពិនិត្យ មានតែផ្លូវខេត្តលេខ ២៦២៨ (ច្រកតាថាវ) និងផ្លូវខេត្តលេខ ២PVH៥ (ជាំក្សាន្ត – អានសេះ)ប៉ុណ្ណោះ ដែលរងការខូចខាតដោយសារគ្រាប់កាំភ្លើងធំធ្លាក់ចំ។
ក្នុងនោះ កំណាត់ផ្លូវខេត្តលេខ ២៦២៨ (ច្រកតាថាវ) មានករណីគ្រាប់កាំភ្លើងធំផ្លោងធ្លាក់ចំ ០១ ទីតាំង ត្រង់ចិញ្ចើមផ្លូវ នៅPK10+020។ កំណាត់ផ្លូវខេត្តលេខ ២PVH៥ (ជាំក្សាន្ត – អានសេះ) មានករណីគ្រាប់កាំភ្លើងធំផ្លោងធ្លាក់ចំ ០៣ ទីតាំង រួមមាន PR2PVH5 PK05+320, PR2PVH5 PK06+660, PR2PVH5 PK10+030។

ចំណែកឯផ្លូវជាតិ និងផ្លូវខេត្តផ្សេងទៀតដូចជា ផ្លូវជាតិលេខ៦២, ផ្លូវជាតិលេខ ៩២, ផ្លូវខេត្តលេខ ២៦២៥, ផ្លូវខេត្តលេខ ២៦២៦, ផ្លូវខេត្តលេខ ២PVH២, ផ្លូវខេត្តលេខ ២PVH៧ និងផ្លូវខេត្តលេខ ២PVH៩ គឺពុំមានការខូចខាតដោយសារគ្រាប់កាំភ្លើងធំធ្លាក់ចំនោះឡើយ។
បើតាមលោក ផន រឹម បានគូសបញ្ជាក់ថា ស្ថានភាពផ្លូវក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គឺនៅមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរបានធម្មតានៅលើកំណាត់ផ្លូវភាគច្រើន លើកលែងតែកំណាត់ផ្លូវមួយចំនួនតូចប៉ុណ្ណោះដែលត្រូវការជួសជុលដោយសារការខូចខាតខាងលើ៕




