ស្ថាប័នជំនាញ ប្រជុំពិនិត្យវឌ្ឍនភាពគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ភាគីពាក់ព័ន្ធ បានបើកកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា(ILO-BFC) សម្រាប់ឆ្នាំ២០២៣-២០២៧។កិច្ចប្រជុំនេះ បានធ្វើឡើថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីភាគីហត្ថលេខីដែលរួមមានតំណាងក្រសួងពាណិជ្ជកម្ម តំណាងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) តំណាងអង្គការអន្តរជាតិខាងការងារ (ILO) និងតំណាងសហជីពក្នុងនាមជាអ្នកសង្កេតការណ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងការត្រៀមខ្លួនសម្រាប់ការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ឆ្នាំ២០២៨-២០៣២ ព្រមទាំងបន្តពង្រឹងកិច្ចសហការរវាងភាគីហត្ថលេខីនៃអនុស្សរណៈនៃការយោគយល់គ្នា។

តាមរយៈកិច្ចប្រជុំនេះ ភាគីហត្ថលេខីនៃអនុស្សរណៈនៃការយោគយល់គ្នាបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការអនុវត្តគម្រោង និងបានបញ្ជាក់អំពីការគាំទ្រនូវទិសដៅអាទិភាពរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាសម្រាប់ឆ្នាំ២០២៧ និងការត្រៀមខ្លួនសម្រាប់ការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ឆ្នាំ២០២៨-២០៣២ ដោយផ្ដោតលើការងារអាទិភាពសំខាន់ៗ រួមមាន ការលើកកម្ពស់ផ្នែកសុវត្ថិភាពនិងសុខភាពការងារ លក្ខខណ្ឌការងារ សេរីភាពអង្គការវិជ្ជាជីវៈ របបសន្តិសុខសង្គម កិច្ចសន្ទនាសង្គម និងការជំរុញការទូទាត់ប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល។

អង្គប្រជុំនេះ ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងលទ្ធផលសម្រេចបានរបស់ក្រុមការងារនៃគម្រោងរោងចក្រកាន់តែប្រសើរ (ILO-BFC) ដែលក្នុងនោះក៏មានការចូលរួមគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងពាណិជ្ជកម្ម និងសមាគម TAFTAC សម្រាប់កិច្ចសហការ ការគាំទ្រ និងការចូលរួមអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានាពេលកន្លងមកទទួលបានលទ្ធផលល្អ ដោយបានធ្វើឱ្យការគោរពលក្ខខណ្ឌការងារកាន់តែប្រសើរ និងបង្កើនភាពទាក់ទាញ ព្រមទាំងលើកកម្ពស់វប្បធម៌អនុលោមភាព និងកិត្យានុភាពរបស់កម្ពុជា ជាប្រភពផ្គត់ផ្គង់ប្រកបដោយទំនុកចិត្តសម្រាប់ម្ចាស់ម៉ាក និងអ្នកបញ្ជាទិញ៕ អត្ថបទ៖